រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះមានជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៉ី ២ នាក់ សរុបទាំងអស់ ៣៧ នាក់
មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន០៤នាក់បន្ថែមទៀត ដែលក្នុងនោះមានជនជាតិខ្មែរ ២នាក់ និង ជនជាតិម៉ាឡេស៉ី ចំនួន ២ នាក់ផងដែរ។ គួរបញ្ជាក់ថាជនជាតិខ្មែរ ២ នាក់ ដែលវិលត្រលប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៉ី ហើយត្រូវបានរកឃើញនៅខេត្តត្បូងឃ្មុំ ចំណែកជនជាតិម៉ាឡេស៊ី ២ នាក់គឺរកឃើញនៅក្នុងខេត្តកំពត ជាករណីរកឃើញពីយប់ថ្ងៃទី ១៧ ខែមីនា ដែលមិនទាន់បានចេញសេចក្តីប្រកាស។
គួររំលឹកផងដែរថា កាលពីព្រឹកមិញនៅក្នុងសន្និសិទសារព័ត៌មានមួយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៧ ខែមីនា កន្លងទៅក្រសួងបានរកឃើញវិជ្ជមាន កូវីដ-១៩ លើជនជាតិម៉ាឡេស៊ី ចំនួន២នាក់ ប៉ុន្តែដោយសារតែសេចក្តីប្រកាសទើបនឹងផុតនោះ ទើបក្រសួងសម្រេចមិនចេញសេចក្តីប្រកាសថ្មីមួយទៀត ដោយរងចាំបូកលទ្ធផល នៅក្នុងសេចក្តីប្រកាសថ្មីមួយទៀតនៅថ្ងៃទី១៨នេះ ដោយលទ្ធផលនៅយប់នេះ ក្រសួងបានរកឃើញវិជ្ជមានកូវីដ-១៩ លើជនជាតិខ្មែរ២នាក់ទៀត និងបូកបញ្ចូលពីយប់ថ្ងៃទី១៧ សរុបមាន៤ករណី និងសរុបរួមទាំងអស់ទូទាំងប្រទេស មានចំនួន៣៧ករណី នាពេលបច្ចុប្បន្ន៕
