ជិះម៉ូតូតែឯង រអិលដួលបោកក្បាលនឹងថ្នល់ ត្រូវក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះបឋម និងដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ!
រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៌ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង រអិលដួលដោយខ្លួនឯង បណ្តាលអោយអ្នកបើកបររងរបួសបែកក្បាលយ៉ាងដំណំ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម កណ្ដាលផ្លូវ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ទាក់ទងក្រុមសង្គ្រោះ៧១១ ចេញជួយសង្គ្រោះផងដែរ ។
នេះបើតាមសេចក្ដីរាយការណ៍បឋម បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌ដួលម៉ូតូដោយខ្លួនឯងនេះបានកើតឡើងកាលពីម៉ោង០៦:៥៥នាទីព្រឹកព្រលឹម ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្នបន្ទាប់ពីទទួលបានដំណឹងនេះ ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានចេញរថយន្តសង្គ្រោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ធ្វើការជួយសង្រ្គោះជនរងគ្រោះ និងដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុម:(ហៅមន្ទីរពេទ្យលោកសង្ឃ) រួចហើយ។
ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជួយយកទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍ ដើម្បីរងចាំក្រុមគ្រួសារ យកឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ទើបប្រគល់ជូនវិញផងដែរ៕
អត្ថបទ & រូបភាព៖ បងម៉េង ខ្មែរណូត





