៣ថ្ងៃជាប់គ្នាហើយ ដែលចិនគ្មានករណីចម្លងមេរោគ ១៩ ថ្មីលើប្រជាពលរដ្ឋរបស់ខ្លួន
ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានអះអាងថា មានរយៈពេល ៣ថ្ងៃហើយ ដែលចិនគ្មានករណីចម្លងមេរោគកូវីដ ១៩ ថ្មីក្នុងចំណោមប្រជាពលរដ្ឋចិននៅតាមសហគមន៍ទាល់តែសោះ រួមទាំងនៅក្នុងក្រុងវូហាន និងខេត្តហ៊ូប៊ីទៀតផង។ រយៈពេល ៣ថ្ងៃជាប់គ្នាដែលចិនគ្មានការចម្លងមេរោគថ្មីគឺជាភស្តុតាំងមួយបង្ហាញថា ចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគមរណៈមួយនេះ។

យ៉ាងណាក្តីអាជ្ញាធរចិនបានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃនេះ មានករណីអ្នកឆ្លងមេរោគពីក្រៅប្រទេសចូលមកក្នុងចិនវិញចំនួន ២៦៩ ករណីផងដែរ ដោយជនរងគ្រោះទាំងនោះសុទ្ធតែជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ដែលត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ខណៈពេលដែលពួកគេបានមកដល់ទឹកដីចិនភ្លាម។
ស្ថានភាពទូទៅនៃមេរោគកូវីដ ១៩ ក្នុងប្រទេសចិនហាក់មានភាពល្អប្រសើរច្រើនឡើងៗ ដោយអាជ្ញាធរចិនថែមទាំងបានបើកក្រុងវូហាន និងខេត្តហ៊ូប៊ីឲ្យដំណើរការជាធម្មតាវិញទៀតផងកាលពីពេលថ្មីៗនេះ។ សម្រាប់បច្ចុប្បន្នភាពនៃមេរោគកូវីដ ១៩ នៅជុំវិញពិភពលោកវិញគឺគិតមកត្រឹមពេលនេះចំនួនអ្នកឆ្លងសរុបបានកើនដល់ ២៧៦ ១៧០ ករណី ស្លាប់ ១១ ៤០៥ ករណី។
ហើយអ្វីដែលជាការកត់សម្គាល់នោះគឺចំនួនអ្នកស្លាប់នៅប្រទេសអ៉ីតាលីបានឡើងខ្ពស់ជាងនៅចិនទៅទៀត ពោលគឺប្រទេសនេះមានអ្នកស្លាប់ចំនួន ៤ ០៣២ ករណីក្នុងចំណោមករណីឆ្លងសរុបចំនួន ៤៧ ០២១ ខណៈចិនមានអ្នកសា្លប់ត្រឹមតែ ៣ ២៥៥ ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងសរុបរហូតដល់ ៨១ ០០៨ ករណី ហើយមានតែអ្នកជំងឺសេសសល់ ៦ ០១៣ នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល៕

អត្ថបទ៖ភក្តី



