អរគុណមិត្តចិនខ្លាំងណាស់! ម៉ាសចំនួន១០ម៉ឺនម៉ាស ដែលជាជំនួយពីប្រទេសចិន បានមកដល់រាជធានីភ្នំពេញហើយ
យោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះនៅមុននេះបន្តិចឲ្យដឹងថា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះម៉ាសចំនួន១០ម៉ឺន ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី ដែលមានទីតាំងក្នុងប្រទេសចិនបានមកដល់រាជធានីភ្នំពេញ ហើយត្រូវបានទទួលដោយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនអាកាសចរណ៍ឡាញម៉ី អ៊ែឡាញបានផ្តល់សេវាកម្មក្នុងការដឹកជញ្ជូនសម្ភារៈទាំងនេះមកកាន់ប្រទេសកម្ពុជាដោយឥតគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកវីអាយភី នៅវេលាម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។ ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ៕

អត្ថបទ៖ សេម
ប្រភព៖ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា