ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ៊ីតាលីមានអ្នកស្លាប់ដោយមេរោគកូវីដ ១៩ចំនួន ៦៥១ ករណីបន្ថែមទៀត ធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៥ ៤៧៦ ករណី

    BY autoadmin March 23, 2020
    អ៊ីតាលីមានអ្នកស្លាប់ដោយមេរោគកូវីដ ១៩ចំនួន ៦៥១ ករណីបន្ថែមទៀត ធ្វើឲ្យតួលេខអ្នកស្លាប់សរុបកើនដល់ ៥ ៤៧៦ ករណី

    អ៊ីតាលី៖ តួលេខអ្នកស្លាប់នៅអ៊ីតាលីនៅតែបន្តកើនឡើងគួរឲ្យគត់សម្គាល់ដោយរបាយករណ៍ចុងក្រោយមួយបានបង្ហាញថា​ មានអ្នកស្លាប់ថ្មីនៅអ៊ីតាលីមានចំនួន ៦៥១ ករណីបន្ថែមទៀត បើគិតត្រឹមព្រឹកថ្ងៃនេះ។ បើធៀបទៅនឹងថ្ងៃកន្លងមកតួលេខនេះ មិនច្រើនណាស់ណាទេ ព្រោះកាលពីម្សិលមិញអ៊ីតាលីមានករណីអ្នកស្លាប់រហូតដល់ ៧៩៣ ករណីឯណោះ។​ យ៉ាងណាក្តី តួលេខអ្នកស្លាប់ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នានេះ គឺសុទ្ធតែជាតួលេខមានអ្នកស្លាប់ច្រើនបំផុតនៅក្នុងប្រទេសអ៊ីតាលី រាប់ចាប់តាំងពីមានការរាតត្បាតមេរោគកូវីដ ១៩មក។

    គិតត្រឹមពេលនេះអ៊ីតាលីមានចំនួនអ្នកស្លាប់ដោយសារតែមេរោគកូវីដ ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺមានចំនួនរហូតដល់ ៥ ៤៧៦ ករណីឯណោះ ខណៈដែលចិនជាកន្លែងផ្ដើមមានការរាតត្បាតមេរោគមុនគេនោះមានអ្នកស្លាប់ត្រឹមតែ ៣ ២៧០ ករណីប៉ុណ្ណោះ។ ចំពោះចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ នៅអ៊ីតាលីវិញគឺមានកំណើន ១០,៤ ភាគរយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបមានរហូតដល់ ៥៩ ១៣៨ ករណី បើគិតមកត្រឹមពេលព្រឹកនេះដូចគ្នា។ សូមបញ្ជាក់ថាតួលេខចុងក្រោយបានបង្ហាញថានៅជុំវិញពិភពលោកទាំងមូលមានចំនួនអ្នកឆ្លងមេរោគគកូវីដ ១៩ ចំនួន ៣៣៧ ៥៧០ ករណី ស្លាប់ចំនួន ១៤ ៦៥៥ ករណី និងមានអ្នកជាសះស្បើយចំនួន ៩៨ ៨៨៤ ករណីផងដែរ៕

    អត្ថបទ៖ភក្តី

    Share This Post: