Breaking News! កម្ពុជា រកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៣ករណីទៀតនៅថ្ងៃនេះ សរុបកើនដល់ ៨៧ករណីទូទាំងប្រទេស
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៣ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៨៧ករណី។ ការរកឃើញវិជ្ជមានថ្មីនេះដែរ មាន១ករណីជាស្ត្រីជនជាតិបារាំងដែលជាម្តាយរបស់ទារកអាយុ០៤ខែ និង០២ករណីទៀតគឺជាបុរសជនជាតិខ្មែរ។ គួររំលឹកផងដែរថា ការរកឃើញនេះគឺជាការរកឃើញចេញពីខេត្តផ្សេងៗគ្នា ដោយ០១ករណីចេញពីខេត្ត កំពង់ចាម ជាបុរសជនជាតិខ្មែរ ០១ករណីចេញពីខេត្តកោះកុង ជាបុរសជនជាតិខ្មែរ និង០១ករណីទៀតនៅរាជធានីភ្នំពេញ ជាស្ត្រីជនជាតិបារាំង អាយុ២៨ឆ្នាំ។
នៅព្រឹកថ្ងៃទី២៣នេះដដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ដែលជាក់ស្តែងនៅខេត្តព្រះសីហនុ ចំនួនអ្នកឆ្លង កូវីដ-១៩ មានច្រើនជាងគេនៅកម្ពុជា៕





