អាណិតណាស់! មួយគ្រួសារជនជាតិបារាំងដែលមកលេងកម្ពុជា មានផ្ទុកកូវីដ-១៩ ទាំងអស់គ្នា ,ប្តីនិងកូនអាយុ៤ខែ រកឃើញមុន ប្រពន្ធរកឃើញក្រោយគេ ពេលមើលថែទាំកូនកំពុងព្យាបាល
ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៣ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៨៧ករណី។ ការរកឃើញវិជ្ជមានថ្មីនេះដែរ មាន១ករណីជាស្ត្រីជនជាតិបារាំងដែលជាម្តាយរបស់ទារកអាយុ០៤ខែ និង០២ករណីទៀតគឺជាបុរសជនជាតិខ្មែរ។
ក្រសួងសុខាភិបាលបាន ប្រាប់ថា ស្ត្រីជនជាតិបារាំងអាយុ ២៨ឆ្នាំ ជាម្តាយរបស់ទារកអាយុ ៤ខែ មានតេស្តវិជ្ជមានវីរ៉ុសកូវីដ ១៩ ដែលកំពុងនៅថែទាំកូនដែលវិជ្ជមានកូវីដ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ។ ស្វាមីរបស់គាត់ជាជនជាតិបារាំងអាយុ ៣៥ឆ្នាំ ដែលមានវីរ៉ុសកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតនៅឡើយ។ រឿងនេះពិតជាគួរឲ្យអាណិតណាស់មួយគ្រួសារមានគ្នា ៣ នាក់មានផ្ទុកវីរ៉ុសដ៏អាក្រក់នេះទាំងអស់ ឥឡូវមិនទាន់ដឹងថាតើម្តាយរបស់ទារកនោះ ត្រូវព្យាបាលនៅគន្ធបុប្ផាដែរ ឬនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត?






