ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជនជាតិវៀតណាម ២នាក់ តេស្ដវិជ្ជមានជាមួយវីរុស កូវីដ-១៩ បន្ទាប់ពីចាកចេញពីកម្ពុជា

    BY autoadmin March 24, 2020
    ជនជាតិវៀតណាម ២នាក់ តេស្ដវិជ្ជមានជាមួយវីរុស កូវីដ-១៩ បន្ទាប់ពីចាកចេញពីកម្ពុជា

    វៀតណាម៖ ជនជាតិវៀតណាម ២នាក់ ដែលបានវិលមកដល់ខេត្ត Tay Ninh ក្រោយចាកចេញពីប្រទេសកម្ពុជា បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19 ដែលនាំឱ្យករណីនៅវៀតណាមកើនដល់ ១១៨នាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ ម្នាក់ក្នុងចំណោមពួកគេជាបុរសអាយុ ៣០ឆ្នាំ ដែលរស់នៅក្នុងខេត្តឡុងអាន ខេត្តជិតខាងទីក្រុងហូជីមិញ។ គាត់បានធ្វើដំណើរទៅទីក្រុងភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ហើយចាប់ផ្តើមក្អក និងមានដង្ហើមខ្លី ដែលជារោគសញ្ញារបស់វីរុស នៅថ្ងៃទី១៦ ខែមីនា។

    លោកបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ ខេត្ត Tay Ninh នៅថ្ងៃទី១៩ ខែមីនា និងត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យទូទៅ Tay Ninh ដែលជាកន្លែងដែលគាត់ត្រូវបានគេតេស្ដរកឃើញថាវិជ្ជមាន។ ការថតកាំរស្មី X បង្ហាញថា សួតរបស់គាត់ត្រូវបានខូចខាតមួយផ្នែក។

    ម្នាក់ចុងក្រោយគឺជាស្ត្រីអាយុ ២៣ឆ្នាំ ដែលជាអ្នកមានជំងឺរលាកទងសួតរ៉ាំរ៉ៃ (bronchitis) ជាប់ខ្លួនស្រាប់។ គាត់គឺជាអ្នកស្រុកនៅក្នុងខេត្តអានយ៉ាង (An Giang) ដែនដីសណ្តរនៃទន្លេមេគង្គ និងជាអ្នកធ្វើការនៅកាស៊ីណូមួយ ដែលមានឈ្មោះថា Galaxy នៅប្រទេសកម្ពុជា។ គាត់បានចូលប្រទេសវៀតណាមនៅច្រកទ្វារម៉ុកបៃ នៅថ្ងៃទី១៩ ខែមីនា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ Tay Ninh ដើម្បីធ្វើចត្តាឡីស័ក បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា កំពុងក្តៅខ្លួន ក្អក និងមានអារម្មណ៍ពិបាកដកដង្ហើម។ រូបភាពកាំរស្មី X ក៏បង្ហាញពីការខូចខាតនៅផ្នែកមួយនៃសួតរបស់គាត់ផងដែរ។ អ្នកទាំង ២ ជាករណីដំបូង ដែលគេរកឃើញថាបានឆ្លងពីកម្ពុជាចូលវៀតណាម៕

    អត្ថបទ៖ លីដា

    Share This Post: