សម្តេចតេជោ ប្រកាសមិនមានការបិទផ្សារនោះទេ តែត្រូវបង្កើនការប្រុងប្រយត្ន័
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបគ្រូពេទ្យស័្មគ្រចិត្ត មុនចេញទៅព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ថាមិនមានការបិទផ្សារ ភោជនីយដ្ឋាន រឺ អាហារដ្ឋាននោះ សូមបងប្អូនជនរួមជាតិកុំមានការយល់ច្រឡំ តែសូមបង្កើនការប្រុងប្រយ័ត្ន។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ហើយគិតត្រឹមព្រឹក ថ្ងៃទី២៥ មីនា នេះ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី ។

សម្តេចតេជោហ៊ុន សែន បញ្ជាក់ថានៅព្រឹកមិញនេះ អភិបាលខេត្តព្រះសីហនុ បានរាយការណ៍មកថាមានជនជាតិបារាំង ២នាក់ទៀត ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ ដែលនាំ ឲ្យចំនួនអ្នកជំងឺ កូវីដ១៩ កើតមានសរុបនៅកម្ពុជាយើង កើនឡើងដល់ ៩៣នាក់ ខណៈដែលតួលេខ របស់ ក្រសួង សុខាភិបាល មានត្រឹម ៩១នាក់ គិតត្រឹមយប់ថ្ងៃទី២៤មីនា៕
