សម្តេចតេជោ ហ៊ុន សែន ប្រកាសចំណាយថវិកាផ្ទាល់ខ្លួននិងក្រុមគ្រួសារ ដើម្បីចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ ចំនួន១០០ថ្ងៃ សរុបទឹកប្រាក់ ប្រមាណ ២១១០លានរៀល ដែលស្នើ ៥២៧,៥០០ដុល្លារ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបគ្រូពេទ្យស័្មគ្រចិត្ត ប្រមាណជាង៤០០នាក់ មុនចេញទៅព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះថា សម្តេចនឹងបញ្ចេញថវិការផ្ទាល់ខ្លួននិងក្រុមគ្រួសារ ដើម្បីចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ ដោយក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលស្មើនឹង ១លាន២សែនរៀលក្នុងមួយខែ។

សម្តេចបានបន្តថា ការចំណាយថវិកាផ្ទាល់ខ្លួននិងក្រុមគ្រួសារ ដើម្បីចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ គឺមានរយៈពេល១០០ថ្ងៃ ដោយសរុបសម្តេចត្រូវចំណាយថវិកាប្រមាណ ២១១០លានរៀល ដែលស្មើនឹងប្រមាណ ៥២៧,៥០០ដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ និងទទួលបានថវិកាឧបត្ថម្ភចំនួន១លានរៀល បន្ថែមទៀតផងដែរនៅថ្ងៃនេះ។ ជាពិសេសជាងនេះទៅទៀត ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងទទួលបានថវិកា ៨ម៉ឺនរៀលទៀតនៅពេលដែលហ្វឹកហាត់នៅក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា ការបញ្ចេញថវិការផ្ទាល់ខ្លួននិងក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន មានរយៈពេល១០០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនេះទៀតសម្តេចនឹងបញ្ចេញថវិការរដ្ឋ ដើម្បីទទួលបន្ទុកទាំងនេះជាបន្ត៕


