អ្នកជំនាញបានរកឃើញថា អ្នកជំងឺកូវីដ១៩ នៅចិនចន្លោះ ៣-១៤% ដែលជាសះស្បើយ បានធ្វើតេស្តឃើញមានវិជ្ជមានឡើងវិញនៃវីរុសនេះ
ចិន៖ ក្រុមអ្នកជំនាញផ្នែកជំងឺកូវីដ ១៩ ចិនបានរកឃើញថា មានពលរដ្ឋចិនដែលបានជាសះស្បើយ ១០០% ពីវីរុសកូវីដ ១៩ ចន្លោះពី ៣-១៤ % ស្រាប់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយមេរោគដដែលនេះជាថ្មីម្ដងទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail និង South China Morning Post។ របាយការណ៍សុខភាពខាងលើនេះ គឺជាដំណឹងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អាជ្ញាធរសុខាភិបាលចិន និងក្រុមវេជ្ជបណ្ឌិតជំនាញទាំងអស់ ព្រោះតែកន្លងមកពួកគាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការប្រឆាំងនឹងវីរុសកូវីដ ១៩ តែលទ្ធផលបែរជាដូចនេះទៅវិញ។

លោកវេជ្ជបណ្ឌិត Wang Wei ប្រធានមន្ទីរពេទ្យប្រចាំក្រុងវូហានបានឲ្យដឹងថា គ្រាន់តែនៅក្នុងមន្ទីរពេទ្យរបស់លោកមួយកន្លែងគឺមានអតីតអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៥ នាក់ក្នុងចំណោម ១៤៧ នាក់ ត្រូវធ្វើតេស្តវិជ្ជមានជាមួយវីរុសកូដ១៩នោះជាថ្មីម្តងទៀត។ វេជ្ជបណ្ឌិតរូបនេះក៏បានឲ្យដឹងថា ការសម្រេចសិក្សាចំពោះករណីដែលជនរងគ្រោះចាស់អាចកើតមានវីរុសនេះជាថ្មីឡើងវិញ ត្រូវបានធ្វើឡើងក្រោយមានអ្នក ជំនាញផ្នែកជំងឺកូវីដ ១៩ ម្នាក់បានព្រមានថា ចិនអាចនឹងមានការរាតត្បាតវីរុសកូវីដ ១៩ ថ្មីម្តងទៀតតាមរយៈការចម្លងវីរុសពីក្រៅប្រទេសចូលទៅក្នុងប្រទេសចិនវិញ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះចិនមានករណីអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួនជាង ៨១ ០០០ ករណី និងស្លាប់ជាង ៣ ២០០ ករណីផងដែរ៕




