ហៅអ្នកលក់អនឡាញម្នាក់មកព្រមាន ក្រោយផ្សាយលក់ថ្នាំសំលាប់មេរោគកូវីដ១៩ ដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល
- March 27, 2020
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧និ៣០នាទី កម្លាំងនៃ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបានសហការជាមួយអធិការដ្ឋានបឹងកេងកងដោយមានការអនុញ្ញាតិពីអយ្យការអមសាលារាជធានីភ្នំពេញ បានអញ្ចេីញឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១២៨ ផ្លូវ៤៣០ ក្រុមទី០២ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញមុខរបរ អាជីវកម្មអនឡាញ ពាក់ព័ន្ធករណី ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល មកធ្វេីការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឈ្មោះ កង សម្បត្តិនី បានប្រេីប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Eva Cambodia ដេីម្បីបង្ហោះលក់ថ្នាំ Chloramine B ជាសាធារណ:នៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក ប៉ុន្ដែ ឈ្មោះ កង សម្បត្តិនី មិនបានបញ្ជារទិញពីបរទេសមកនោះទេ ដោយសារ ខ្លួនមិនទាន់ស្នេីរសុំសិទ្ធពីក្រសួងសុខាភិបាល ហេីយក៏មិនទាន់មានអតិថិជនបញ្ជារទិញនៅឡេីយដែរ។ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ទើបឈ្មោះ កង សម្បត្តិនី បានឃេីញទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថាថ្នាំដែលខ្លួនបានបង្ហោះក្នុងហ្វេសប៊ុស Eva Cambodia នោះមិនបានចុះបញ្ជីរត្រឹមត្រូវនោះទេ។
បច្ចុប្បន្នក្រោយពីធ្វេីការសារភាព និងទទួលការសិក្សាអប់រំ ព្រមានពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមកឈ្មោះ កង សម្បត្តិនី ភេទស្រី អាយុ២៥ ត្រូវបានឯកភាពពីអយ្យការសាលាដំបូងរាជធានីភ្នំពេញអោយធ្វេីកិច្ចសន្យានិងមានការធានាពីបងស្រី នឹងបានត្រលប់អោយទៅលំនៅដ្ឋានវិញតែត្រូវស្ថិតនៅក្នុងការ ឃ្លាំមើលរបស់សមត្ថកិច្ច៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
- Share This Post: