គាស់បន្ទប់ជួល លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ មិនបានប៉ុន្មានម៉ោងផង ក៍ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ស្រាវជ្រាវឃាត់ខ្លួនបានតែម្តង
- March 29, 2020
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាព គាស់បន្ទប់ជួល របស់ប្រជាពលរដ្ឋ បាន១យប់ ក៍ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានតែម្តង កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងបរិវេណផ្ទះ២៨៩ ភូមិទ្រា៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ជាម្ចាស់បន្ទប់ជួល មានឈ្មោះ ខាត់ សុភក្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្ទះ២៨៩ ភូមិទ្រា៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិត្រពាំងខ្ចៅ ឃុំអូរ សារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនសង្ស័យមានឈ្មោះ ហួយ រី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ការនៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ដកហូត Laptop ម៉ាក (DELL) មួយគ្រឿងជារបស់ជនរងគ្រោះ និងដែកលួសសសៃមួយ (សម្រាប់ឆ្កឹះសោ) ជារបស់ជនសង្ស័យ ។
តាមសម្តីរបស់ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានអោយដឹងថា មុននឹងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យខាងលើបាន គឺវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៩ខែមិនា ឆ្នាំ២០២០ លោកបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ខាត់ សុភក្រ័ ថា កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ រូបគាត់ជាជនរងគ្រោះ បានមកពីធ្វើការវិញ ឃើញបន្ទប់របស់គាត់ ចំហទ្វារ ហើយមាន អីវ៉ាន់រាយបាយពេញបន្ទប់ ព្រមទាំងបាត់ លេបថប ម៉ាក DELLមួយគ្រឿង ដោយសង្ស័យថា មានជនសង្ស័យ គាស់បន្ទប់ចូលលួច ផងដែរ ។
លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានអោយដឹងទៀតថា បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹង របស់ជនរងគ្រោះភ្លាម រូបលោក ក៏បានដឹកនាំកម្លាំង ធ្វើការ ស្រាវជ្រាវ តាមប្រព័ន្ធ កាមេរ៉ា សុវត្ថិភាព របស់ម្ចាស់ផ្ទះ រហូតដល់ ម៉ោង ៨និង៤០នាទី ថ្ងៃដដែល ទើបបានធ្វើឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែរកំពុងដើរតាមផ្លូវ បេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ព្រមទាំងដក់ដកហូត លេបថប ម៉ាកDELL មួយគ្រឿង ក៍ធ្វើការឃាត់ខ្លួនយកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាព គាស់បន្ទប់ជួល លួចសំភារៈ របស់ជនរងគ្រោះ ពិតប្រាកដមែន ។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹង អោយសមត្ថកិច្ច ចាត់ការតាមនិតវិធីច្បាប់ ចំនែកជនសង្ស័យវិញ បន្ទាប់ពីសាកសួររួចហើយ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។
ចំណែកសំភារៈរបស់ជនរងគ្រោះ Laptop ម៉ាក DELL មួយគ្រឿង ក៍ត្រូវសមត្ថកិច្ច ប្រគល់អោយជនរងគ្រោះវិញ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
- Share This Post: