ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឡាវសម្រេចបិទប្រទេសទាំងមូលជាផ្លូវការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

    BY autoadmin March 30, 2020
    ឡាវសម្រេចបិទប្រទេសទាំងមូលជាផ្លូវការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

    ឡាវ៖ រដ្ឋាភិបាលនៃប្រទេសឡាវបានសម្រេចបិទប្រទេសខ្លួនជាផ្លូវការហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ហើយការបិទប្រទេសទាំងមូលនេះនឹងផ្ដើមអនុវត្តចាប់ពីថ្ងៃទី ៣០ ខែមីនា រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០។ បើតាមលោក Chalern Yapaoher អ្នកនាំពាក្យរដ្ឋាភិបាលនៃប្រទេសឡាវបានថ្លែងយ៉ាងលម្អិតនៅក្នុងសនិ្នសិទ្ធសារព័ត៌មានផ្លូវការថា រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមន្ត្រីរាជការទាំងអស់អាចធ្វើការងារនៅតាមផ្ទះបានចាប់ទីថ្ងៃទី ១ ដល់ថ្ងៃទី ១១ ​ហើយបន្ទាប់មកក៏ត្រូវបន្តឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីឡាវរហូតដល់ដល់ថ្ងៃទី ១៩ ខែមេសាតែម្តង។ យ៉ាងណាក្តី មន្រ្តីប៉ូលិស ក្រុមអ្នកពន្លត់អគ្គីភ័យ បុគ្គលិករដ្ឋាករទឹក អគ្គិសនីជាតិ មន្ត្រីសុខាភិបាល អ្នកសារព័ត៌មាន និងក្រុមស្ម័គ្រចិត្តក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងមេរោកកូវីដ ១៩ ត្រូវបន្តការងារជាធម្មតា។

    ចំពោះវិស័យឯកជនវិញរដ្ឋាភិបាលបានសម្រេចឲ្យបិទកន្លែងមួយចំនួនដូចជា កន្លែងម៉ាស្សា ខារ៉ាអូខេ ផ្សាររាត្រី ក្លឹបហាត់ប្រាណ ក្លឹបរាត្រី បៀរហ្គាឌិន កន្លែងធ្វើការងារទាំងឡាយដែលមិនសូវមានភាពចាំបាច់ខ្លាំង លើកលែងតែកន្លែងធ្វើការងារក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ផ្សារលក់ទំនិញទូទៅ ទីផ្សារភាគហ៊ុន មន្ទីរពេទ្យ និងកន្លែងផលិតចំណីអាហារត្រូវបន្តបើកជាធម្មតា។ បន្ថែមពីវិធានការខាងលើនេះ រដ្ឋាភិបាលបានណែនាំមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះឬបង្កើតឱកាសជួបជុំគ្នាឡើយ ហើយត្រូវទិញអាហារសំខាន់ៗបម្រុងទុកឲ្យបានច្រើន។​ ជាងនេះទៅទៀតអាជ្ញាធរឡាវក៏បានហាមមិនឲ្យមានការលក់ទំនិញឡើងថ្លៃផងដែរ ហើយបើអ្នកណាហ៊ានលក់ទំនិញឡើងថ្លៃខុសប្រក្រតីនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះឡាវមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួនត្រឹមតែ ៨ករណីប៉ុណ្ណោះ និងមិនទាន់មានអ្នកស្លាប់ឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post: