ព័ត៌មានជាតិ

គ្រប់គ្នាកំពុងតែខ្វល់ខ្វាយរឿងកូវី១៩ បែរមានជនទំនើងដកកាំភ្លើងបាញ់បោះសេរី ជិត១០គ្រាប់ ធ្វើឱ្យស្ត្រីម្នាក់ភ័យញ័រខ្លួន សន្លប់បាត់មាត់បាត់ក!

BY
Khmernote Media
March 30, 2020

រាជធានីភ្នំពេញ ៖ មានជនស៊ីវិលមួយក្រុម ប្រដាប់ដោយអាវុធ បើករថយន្ត ៣គ្រឿង (មិនចាំស្លាកលេខ) បើកចូលមកក្នុងភូមិ រួចដកកាំភ្លើងបាញ់ឡើងលើមេឃជិត១០គ្រាប់ ដោយមិនដឹងមូលហេតុ រួចឡើងលើរថយន្ត បើកគេចចេញទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច រហូតមានស្ត្រីម្នាក់ ដែលឃើញហេតុការណ៍ភ័យពេកសន្លប់បាត់បង់ស្មារតី និងផ្អើលកម្លាំងសមត្ថកិច្ចមួយចំហៀងខណ្ឌដូនពេញ ចេញអន្តរាគមន៍សំដៅទៅកន្លែងដែលផ្ទុះអាវុធនោះ តែពេលទៅដល់បន្សល់តែសំបកគ្រាប់៥គ្រាប់ ដែលខ្មាន់កាំភ្លើងទើបបាញ់ហើយប៉ុណ្ណោះ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃសៅរិ៍ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចតំបន់មិនរៀបរយ លើផ្លូវរថភ្លើង កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីសាក្សីនិងប្រជាពលរដ្ឋប្រុសស្រី ដែលឃើញហេតុផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញជនស៊ីវិលមួយក្រុម មានគ្នា៦-៧នាក់ បើករថយន្ត៣គ្រឿង មួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស (មិនចាំស្លាកលេខ) មានគ្នា៣នាក់ និងមួយគ្រឿងទៀត Highlander ពណ៍ស (មិនចាំស្លាកលេខ) មានគ្នា២នាក់ និងរថយន្តបាឡែនមួយគ្រឿងទៀត មិនចាំភិនភាគច្បាស់ទេ បានបើកចូលមកក្នុងភូមិកើតហេតុ តំបន់មិនរៀបរយតាមបណ្ដោយផ្លូវរថភ្លើងជាបន្តបន្ទាប់គ្នា ស្រាប់តែមាត់ឡូឡាហើយក៏ដកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើមេឃជាច្រើនគ្រាប់ ជិត១០គ្រាប់ផ្ទួនៗគ្នា អស់ប្រហែលមួយបង់ ដោយមិនដឹងមូលហេតុ ទើបប្រជាពលរដ្ឋខ្លះនាំគ្នាបើកទ្វារផ្ទះចេញមើល ឃើញជនស៊ីវិលដែលជាខ្មាន់កាំភ្លើងឡើងអង្គុយលើរថយន្ត របស់ពួកគេ ហើយស្រែកសួរប្រជាពលរដ្ឋវិញថា “មើលអី… មានរឿងអ្វីមែន?” ហើយក៏បើករថយន្តគេចចេញពីកន្លែងកើតហេតុទៅបាត់អស់ទៅ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង រហូតដល់ថ្នាក់មានស្ត្រីម្នាក់ដែលឃើញហេតុការណ៍នោះ ញ័រខ្លួនញ័រប្រាណ ភិតភ័យខ្លាំងពេក ក៏សន្លប់បាត់បង់ស្មារតីនៅមុខផ្ទះតែម្ដង ផ្អើលអ្នកជិតខាងនាំគ្នាចេញមកជួយយកប្រេងកូឡាលេបរិតៗ រហូតដឹងខ្លួនវិញផងដែរ ។

ប្រភពបន្តទៀតថា ក្រោយពីក្រុមជនស៊ីវិលប្រដាប់អាវុធទាំងនោះបើករថយន្តចេញទៅបាត់អស់ ភ្លាមៗនោះគាត់បានដើរចេញទៅរកមើលសំបកគ្រាប់ បន្តិចក្រោយមកក៏មានក្រុមអ្នកសារព័ត៌មានជាច្រើនបានមកដល់ដែរ ហើយមកសួរនាំគាត់ និងបានដើររកមើលសំបកគ្រាប់ ក្រែងលោធ្លាក់នៅជិតនោះ មិនបានប៉ុន្មានផង ស្រាប់តែឃើញសំបកគ្រាប់កន្ទុះប្រហែល៥គ្រាប់ ដែលធ្លាក់នៅនៅលើថ្នល់ក្បែរៗគ្នា ដែលបន្សល់មកពីការផ្ទុះអាវុធបាញ់បោះសេរីរបស់ខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណនោះផងដែរ មួយសន្ទុះក្រោយមក ទើបគេឃើញកម្លាំងសមត្ថកិច្ចប្រដាប់អាវុធរបស់ខណ្ឌដូនពេញ មានទាំងកម្លាំងនគរបាលខណ្ឌ និងកម្លាំងអាវុធហត្ថខណ្ឌ ចេញអន្តរាគមន៍សំដៅទៅមកកន្លែងដែលផ្ទុះអាវុធនោះ តែមកដល់បន្សល់តែសំបកគ្រាប់៥គ្រាប់ដែលខ្មាន់កាំភ្លើងទើបបាញ់ហើយប៉ុណ្ណោះ ។

បច្ចុប្បន្នក្រោយពេលផ្ទុះអាវុធ(បាញ់បោះសេរីនេះ) បានបង្កការភ្ញាក់ផ្អើលដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើល និងបានសាកសួរអ្នកដែលឃើញហេតុការណ៍នោះ បានរើសយកសំបកគ្រាប់ ទុកជាវត្ថុតាង និងធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីសហការជាមួយសមត្ថកិច្ចជំនាញ បើកការសើបអង្កេតស្រាវជ្រាវ ស្វែករកខ្មាន់កាំភ្លើង ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។

សូមរំលឹកថាកន្លងមកប្រមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ អ្នកបាញ់បោះសេរី ដោយគ្មានការលើកលែងឡើយ បើទោះបីជាអ្នកនោះត្រកូលអ្វី ឬអ្នកណាក៏ដោយ អោយតែប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ។ គួររំលឹកថា ករណីផ្ទុះអាវុធ បែបអនាធិបតេយ្យនេះកន្លងមក សមត្ថកិច្ចបានចាប់ឃាត់ខ្លួន លោកឧកញ៉ា និងថ្នាក់ផ្កាយជាច្រើននាក់ទៀត ដោយសារ ផ្ទុះអាវុធបែបអនាធិតេយ្យនេះផងដែរ ។

ករណីនេះប្រជាពលរដ្ឋសង្ឈឹមថា សមត្ថកិច្ចជំនាញ និងបេីកការស្រាវជ្រាវរកមុខជនបង្កផ្ទុះអាវុធ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ ជាអ្នកណា និងយកមកចាត់ការទៅតាមច្បាប់ ដើម្បីជាការព្រមានទៅមនុស្សដទៃទៀត កុំអាងមានបុណ្យសក្ត័ ឬបាញ់បោះសេរី មើលតែប្រទេសគ្មានច្បាប់ទម្លាប់។

ប្រភពីពលរដ្ឋសុំមិនបញ្ចេញឈ្មោះមិនហ៊ានសន្និដ្ឋាន ថាក្រុមនោះជាកម្លាំងសមត្ថកិច្ច ឬយ៉ាងណានោះទេ ព្រោះមិនមានឯកសណ្ឋាន ឬអាចក្រុមនោះជាក្រុមមេគ្រឿងញៀនផងក៏មិនដឹង ។ ក្រោយពីបាញ់រួច ក្រុមនោះបាននាំគ្នារត់ឡើងឡាន និងម៉ូតូចេញទៅអស់ ។

ប្រភពមួយបង្ហើបថា ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះដល់កន្លែងកើតហេតុ ធ្វើការប្រមែល ប្រមូលពត៌មាន ពីប្រជាពលរដ្ឋ ក៏បានបំភ្លឺថា ក្នុងចំណោមជន បង្កទាំង៨នាក់នោះ គឺមានជនម្នាក់ ឈ្មោះ គង់ សុភាព មានឋានៈអនុប្រធានការិយាល័យ នាមសំងាត់ ត្រីកោណ06 នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: