ក្រសួងសុខាភិបាល បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជិតដិតជាមួយអ្នកវិជ្ជមានកូវីដ១៩ មានចំនួន ៣៥៣នាក់ ហើយអ្នកប៉ះពាល់ប្រយោលមានចំនួន ១៣៥៩នាក់
កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ មានសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ បកស្រាយដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ ក្នុងនោះផងដែរ លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា តាមការសិក្សាតាមប្រព័ន្ធតាមដាន របស់ក្រសួងសុខាភិបាល យើងសង្កេតឃើញថា មកដល់ពេលនេះ អ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត មានន័យថា អ្នកដែលបានប៉ះពាល់ផ្ទាល់ជិតដិតមែនទែនជាមួយនឹងករណីទាំងអស់ គិតត្រឹមថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០ គឺមានចំនួន ៣៥៣នាក់ ប៉ុន្តែនៅក្នុង ៣៥៣នាក់នោះមាន ១០៧ នាក់មានវិជ្ជមាន។

ក្រសួូងរកឃើញអ្នកប៉ះពាល់ប្រយោលមានចំនួន ១៣៥៩នាក់ ដែលតាមយើងស្រាវជ្រាវមកនេះ អ្នកទាំងនោះមិនទាន់មានអ្នកណាដែលមានបញ្ហាសុខភាពចោទជាបញ្ហានោះទេ ហើយមួយចំនួនធំ ក៏បានរួចផុតពីការអង្កេតតាមដានរួចទៅហើយ ពោលត្រូវបានបញ្ចប់នៅក្នុងដំណាក់កាលតាមដានក្នុងរយៈពេល ១៤ថ្ងៃ។ ម្យ៉ាងវិញទៀតតាមការសង្កេតរបស់ក្រសួងឃើញថា នៅក្នុងចំណោមករណីឆ្លងទាំង១០៧ ចំនួន២៤ភាគរយ ស្ថិតនៅក្នុងក្រុមអាយុពី៣០ ទៅ៣៩ឆ្នាំ ហើយប្រហែលជា ៣៥ភាគរយ ស្ថិតនៅក្នុងក្រុមអាយុពី ៦០ ទៅ៦៩ឆ្នាំ៕

