កង់បីបើកបរខ្វះការប្រុងប្រយ័ត្ន ត្រូវស្ត្រីជនជាតិចិនបើករថយន្តបុកផ្ងារជើងម្ខាង
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយរវាង កង់បីដឹកកាហ្វេរបស់ក្រុមហ៊ុន SOMA Trading Company Limited ដែលបើកបរដោយបុរសម្នាក់ ខ្វះការប្រុងប្រយ័ត្ន ខណៈពេលឃើញរថយន្ត Mazda-2 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនជិតផុតហើយ កង់បីព្យាយាមបន្ថែមល្បឿនចាក់គួពីមុខរថយន្តទៀត ទើបធ្វើឲ្យរថយន្តបុកផ្ងារជើងម្ខាង តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:៣០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវត្រសក់ផ្អែម(លេខ៦៣) កែងផ្លូវលេខ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Mazda-2 ពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2AU-3711 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣២២ ទិសដៅពីកើតមកលិច ក្នុងល្បឿនធម្មតា ខណៈពេលកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនដែលជាកន្លែងកើតហេតុនោះ ស្រាប់តែមានម៉ូតូកង់បីមួយគ្រឿង ប្រភេទឃ្លប់ដឹកកាហ្វេរបស់ក្រុមហ៊ុន SOMA Trading Company Limited ពាក់ស្លាកលេខភ្នំពេញ 1HV-8902 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរតាមផ្លូវលេខ៦៣ ទិសដៅពីជើងទៅត្បូង បានវ៉ាជែងទាំងខ្វះការប្រុងប្រយ័ត្ន និងឃើញរថយន្តរបស់ជនជាតិចិនខាងលើ បើកឆ្លងកាត់ជិតផុតហើយ កង់បីខាងលើនៅតែព្យាយាមបើកបន្ថែមល្បឿនចាក់គួបំណងឆ្លងកាត់ផ្លូវបំបែកជាបួនឲ្យផុត តែឆ្លងមិនផុត ទើបត្រូវរថយន្តបុកចំពីចំហៀងខាងឆ្វេង បណ្ដាលឲ្យក្រឡាប់ផ្អៀងម្ខាងសង្កត់លើរថយន្តផ្នែកខាងមុខ រងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ។
ហេតុការណ៍នេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី១ ចុះទៅពិនិត្យមើល និងបាញ់គំនូស អោយភាគីទាំងសងខាងយករថយន្តនិងកង់បីអែបខាងសិន ដើម្បីដោះស្រាយគ្នាមួយជំហានសិនផងដែរ ប្រសិនបើដោះស្រាយមិនត្រូវគ្នាទេ សមត្ថកិច្ចប៉ុស្តិ៍និងរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងចុះមកវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕






អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត