ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចចាប់បានអាល់កុលក្លែងក្លាយ (មេតាណុល) បានចំនួន ១០០ប៊ីដុង ស្មើនឹង ៣០០០ លីត្រ

    BY Khmernote Media April 2, 2020
    សមត្ថកិច្ចចាប់បានអាល់កុលក្លែងក្លាយ (មេតាណុល) បានចំនួន ១០០ប៊ីដុង ស្មើនឹង ៣០០០ លីត្រ

    រាជធានីភ្នំពេញ៖ ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុលនិងគ្មានប្រភពផលិតច្បាស់លាស់ កេងយកផល ចំណេញហួសហេតុមិនគិតពីផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ ស្របពេល ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយបានសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះចាប់អាល់កុលក្លែងក្លាយ (មេតាណុល) នៅតាមបណ្តោយវិថីសម្តេចតេជោហ៊ុនសែន (៦០ម៉ែត្រ) បានចំនួន ១០០ប៊ីដុង ស្មើនឹង ៣០០០ លីត្រ ។

    សូមជម្រាបផងដែរថា អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) រហូតមកថ្ងៃនេះបានចំនួន ៤៧៧៦ លីត្រ នឹងតាមការបញ្ជាក់របស់នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មេតាណុល ជាសារធាតុពុល នឹងមិនអាចយកទៅប្រើសម្រាប់លាងដៃសម្លាប់មេរោគបានទេ និងធ្វើឱ្យប៉ះពាល់សុខភាពអ្នលប្រើប្រាស់ថែមទៀតផង។

    អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូមណែនាំដល់អាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញយកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក្ក័យប័ត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ចតាមរកអ្នកផ្គត់ផ្គងផលិតផលទាំងនោះ (Trace back)៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay