លោកជំទាវ ឱ វណ្ណឌីន ៖ ការរកមិនឃើញវិជ្ជមាន កូវីដ-១៩ ថ្មីរយៈពេល២ថ្ងៃនេះជារឿងល្អ ប៉ុន្តែមិនអាចនិយាយបានថា ការចម្លងកូវីដ-១៩ នៅកម្ពុជាដល់ស្ថានភាពបញ្ចប់នោះទេ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ថាចំពោះការរកមិនឃើញវិជ្ជមាន កូវីដ-១៩ ថ្មីរយៈពេល២ថ្ងៃជាប់គ្នានេះជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែលោកជំទាវបានអំពាវនាវដល់ពលរដ្ឋទាំងអស់មិនត្រូវប្រហែសខ្លួនក្នុងការការពារខ្លួនអោយគេចផុតពីការឆ្លងរាលដាល កូវីដ-១៩ នោះទេ។

សារសំលេងដែលក្រុមការងារខ្មែរណូតទទួលបានតាមរយៈគ្រុបតេឡេក្រាម របស់លោកជំទាវ ឱ វណ្ណឌីន បានរៀបរាប់ថា៖ “ការដែលមិនរកឃើញនូវករណីថ្មីរយៈពេល២ថ្ងៃនេះ នឹងគឺជាចំនុចល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក៏ប៉ុន្តែយើងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសការចូលរួមទប់ស្កាត់ពីការចម្លង ពីបុគ្គលមួយទៅបុគ្គលមួយ នៅតែជាចំនុចសំខាន់ចាំបាច់បំផុត ដែលបងប្អូនប្រជាពលរដ្ឋសូមលោកបន្តអនុវត្តអោយបានខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃនេះជាចំនុចសំខាន់ណាស់ មិនមែនយើងរកមិនឃើញរយៈពេល២ថ្ងៃ យើងគិតថាយើងមិនមានការចម្លង យើងបន្ធូរដៃ វាបែរទៅជាឱកាសមួយដែលធ្វើអោយ វីរុស កូវីដ-១៩ ធ្វើការវ៉ៃបកមកយើងវិញជាយថាហេតុនេះជាចំនុចមួយ ចំនុចទី២ ខ្ញុំសូមជម្រាបជូនថា យើងមិនទាន់អាចវាយតំលៃថា ការចម្លងវីរុស កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ មានស្ថានភាពចប់នោះទេ គឺអត់ទេសូមអោយច្បាស់កន្លែងនេះ….” បន្ថែមពីនេះលោកជំទាវ ក៏បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋបន្តវិធានការការពារខ្លួន និងការពារការចម្លងវីរុស កូវីដ-១៩ ទៅអ្នកដទៃអោយបានខ្ជាប់ខ្ជួនបន្ថែមទៀត៕
