ថៃបង្ហាញពីការធ្លាក់ចុះនៃចំនួនអ្នកឆ្លងកូវីដ១៩ ដោយមានករណីថ្មីចំនួន ៥១នាក់ និងស្លាប់ន្ថែម ៣នាក់
មន្ត្រីសុខាភិបាលថៃបាននិយាយថា ប្រទេសថៃបានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៥១ករណី រួមមានបុគ្គលិកសុខាភិបាល ១៣នាក់ និងអ្នកស្លាប់ ៣នាក់ទៀត នាថ្ងៃច័ន្ទ ទី០៦ ខែមេសានេះ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឥឡូវនេះមាន ២,២២០នាក់ ហើយចំនួនអ្នកស្លាប់កើនដល់ ២៦នាក់។ ចំនួនករណីថ្មីបានថយចុះពាក់កណ្ដាល ឬ ៥០% បើធៀបនឹងចំនួន ១០២ករណី ដែលបានរាយការណ៍កាលពីថ្ងៃអាទិត្យ និងជាចំនួនករណីថ្មីទាបបំផុតចាប់តាំងពីថ្ងៃទី២០ ខែមីនា។

លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលបាននិយាយថា មរណភាពទី២៤ គឺជាបុរសជនជាតិថៃម្នាក់ អាយុ ២៨ឆ្នាំ ដែលជាបុគ្គលិកនៅក្រុមហ៊ុនមួយក្នុងទីក្រុងបាងកក។ បុរសនោះធ្លាក់ខ្លួនឈឺនៅថ្ងៃទី២៧ ខែមីនា ដោយមានគ្រុនក្តៅ ក្អក និងឈឺបំពង់ក។ ដំបូងលោកបានទៅមើលមន្ទីរពេទ្យឯកជនមួយនៅទីក្រុងបាងកក ហើយបន្ទាប់មកបានផ្លាស់ទៅមន្ទីរពេទ្យមួយទៀតនៅខេត្តសាមុតប្រាកាន។
មរណភាពទី២៥ គឺជាបុរសជនជាតិថៃ ដែលធ្វើការដោយខ្លួនឯង អាយុ ៥១ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម លើសឈាម និងធាត់។ បុរសនោះធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២៨ ខែមីនា ហើយបានទៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងបាងកក ដោយមានក្អក ឈឺក្បាល និងឈឺសាច់ដុំ។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួតធ្ងន់ធ្ងរ ហើយត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយ COVID-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយគាត់បានស្លាប់នៅថ្ងៃសៅរ៍។
មរណភាពទី២៦ គឺជាអ្នកលក់ ភេទស្រីអាយុ ៥៩ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម។ វេជ្ជបណ្ឌិត Taweesin បាននិយាយថា នាងបានទៅលេងល្បែងនៅទីតាំងជាច្រើនក្នុងទីក្រុងបាងកក ហើយនាងបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២៩ ខែមីនា។ បានទៅមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងបាងកក នៅថ្ងៃទី១ ខែមេសា ដោយពិបាកដកដង្ហើម អុកស៊ីសែនក្នុងឈាមទាប និងរលាកសួតធ្ងន់ធ្ងរ។ នាងបានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយបានស្លាប់នៅថ្ងៃសៅរ៍៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍