ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វាយស្ត្រីមានផ្ទៃពោះប្លន់យកម៉ូតូ Scoopy បានសម្រេចពីយប់ តែប្លន់ចំម៉ូតូភ្ជាប់ GPS ព្រឹកឡើងត្រូវសមត្ថកិច្ចរកឃើញ និងវាយខ្នោះជាប់

    BY Khmernote Media April 7, 2020
    វាយស្ត្រីមានផ្ទៃពោះប្លន់យកម៉ូតូ Scoopy បានសម្រេចពីយប់ តែប្លន់ចំម៉ូតូភ្ជាប់ GPS ព្រឹកឡើងត្រូវសមត្ថកិច្ចរកឃើញ និងវាយខ្នោះជាប់

    រាជធានីភ្នំពេញ ៖ ជនរងគ្រោះ និងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការដេញតាមចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ តាមរយៈ GPS ក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច តែគេចមិនផុតពីកណ្តាប់ដៃរបស់សមត្តកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង៤៥BT ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លុះនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ក៏ត្រូវបានជនរងគ្រោះតាមរកឃើញតាមរយៈ GPS នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួននេះ មានឈ្មោះ ជិន អេលីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    យោងតាមសម្ដីលោកនាយនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១១យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ត្រីរងគ្រោះមានឈ្មោះ លៀន វ៉ាន់រ៉ា ភេទស្រី អាយុ៣២ ស្នាក់នៅភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HV-9157 ដែលមានភ្ជាប់ប្រព័ន្ធ GPS ចេញពីផ្ទះបំណង ទៅឌុបប្តីរបស់ខ្លួននៅឯផ្ទះម្តាយមីង ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្លួននោះទេ ក្នុងផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ លុះទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក កាក់ពីមុខម៉ូតូគាត់ និងនិយាយគំរាមឲ្យចុះពីម៉ូតូ ពេលនោះគាត់មិនព្រមចុះ ទើបម្នាក់ក្នុងចំណោមគ្នា២នាក់ បានវាយគាត់មួយដៃ ចំគល់ដោះខាងស្តាំ ដោយភ័យខ្លាំងពេក ក៏ចុះពីម៉ូតូគ្រគល់ឲ្យជនសង្ស័យតាមសម្រួល សុំតែរួចខ្លួន។

    ក្រោយមកដោយសារម៉ូតូរបស់ខ្លួន មានGPS នៅវេលាម៉ោង ៩:៣៥នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានឆែក GPS ឃើញម៉ូតូរបស់ខ្លួននៅពោធិ៍ចិនតុង ដោយជនសង្ស័យម្នាក់កំពុងជិះ ហើយជនរងគ្រោះក៏ជិះដេញតាមពីក្រោយ ស្របពេលដែលកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងល្បាតបានប្រទះឃើញ ក៏ចេញជួយអន្តរាគមន៍ ប្រដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវរ៉ារថភ្លើង ជិតនឹងវត្តនាគវ័ន្ត ក្នុងទឹកដីខណ្ឌដូនពេញ ដោយមានការសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌទួលគោក និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដកហូតបានម៉ូតូម៉ាកស្គុបពី (Scoopy) របស់ជនរងគ្រោះបានមកវិញផងដែរ ។

    បច្ចុប្បន្នក្រោយពេលឃាត់ខ្លួនបាន កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌទួលគោក ប្រគល់ជនសង្ស័យដែលឃាត់ខ្លួនបានទៅអោយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋានខណ្ឌដូនពេញ បានចុះមកដល់ទីតាំងខាងលើ និងរងចាំប្រគល់ជនសង្ស័យបន្តមកឲ្យកម្លាំងប៉ុស្តិ៍បឹងទំពុនទី១ នៃអធិការដ្ឋានខណ្ឌមានជ័យដែលជាមូលដ្ឋានកេីតហេតុវិញ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការតាមច្បាប់ និងស្វែងរកបក្ខពួកម្នាក់ទៀត យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay