លំអិត ប្តីប្រពន្ធជនជាតិខ្មែរ២នាក់ ឆ្លងកូវីដ-១៩ ដោយប្តីមានមិត្តភ័ក្ត្រ ជនជាតិចិន ដែលត្រូវជាមិត្តប្រុសស្ត្រីជនជាតិវៀតណាម តេស្តឃើញវិជ្ជមានកាលពីម្សិលមិញ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៧ករណី ដែល០២ករណីថ្មីនេះ គឺជាប្តីប្រពន្ធជនជាតិខ្មែរ២នាក់ ដែលប្តីមានមិត្តភក្ត្រ័ជាជនជាតិចិន ដែលចូលមកកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ហើយបុរសជនជាតិចិនរូបនេះជាអ្នកឧស្សាហ៍ឡើងចុះកម្ពុជា ហើយបានចាកចេញទៅដល់ប្រទេសចិន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ និងបានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសចិន។

ចំពោះបុរសជនជាតិចិននេះដែរ ក៏ត្រូវជាមិត្តប្រុសរបស់ស្ត្រីជនជាតិវៀតណាម ដែលតេស្តឃើញវិជ្ជមានកូវីដ-១៩ ក្នុងសេចក្តីប្រកាសម្សិលមិញដូចគ្នា ហើយបច្ចុប្បន្ន ២នាក់ប្តីប្រពន្ធជនជាតិខ្មែរ និងស្ត្រីជនជាតិវៀតណាមរូបនោះ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែក្រោម៕


