រថយន្ត Highlander បើកបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូជិះឌុបគ្នាក្នុងល្បឿនលឿន ទៅបុកពេញទំហឹង បណ្ដាលឱ្យស្លាប់ម្នាក់ របួសម្នាក់នៅខណ្ឌច្បារអំពៅ
រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ខណៈពេលដែលរថយន្តបើកបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុក បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោង២០និង០៥នាទី ត្រង់ចំណុចមុខផ្ទះលេខ៦៣៦ លើផ្លូវជាតិលេខ១ ភូមិមិត្តភាព ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់នគរបាល៖ រថយន្តម៉ាកHighlander ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ២T.៧៦០០ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ១IC.៤៨០៦ ។ រថយន្តម៉ាកHighlander បើកបរដោយឈ្មោះហ៊ុន ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៤D ផ្លូវ១៦៨ (បូរីលឹមឈាងហាក់) ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតរួចបត់ត្រឡប់ក្រោយ (មិនរងរបួស) លុះដល់ត្រង់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា បានជ្រុលទៅបុករថយន្តម៉ាកHighlanderនោះចំទ្វារមុខផ្នែកខាងឆ្វេង បើកបរដោយឈ្មោះពៅ ពន្លក ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មកររត់តុការ ស្នាក់នៅផ្ទះលេខ០២៥ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)ជិះមានគ្នា២នាក់ អ្នករួមដំណើរពីក្រោយឈ្មោះយ៉ាន់ សីហា ភេទប្រុសអាយុ២០ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (រងរបួសធ្ងន់) បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យ រថយន្តខូចខាតស្រាលចំនួន១គ្រឿង,ម៉ូតូខូចខាតធ្ងន់ចំនួន១គ្រឿង, ស្លាប់១នាក់ (អ្នកបើកបរម៉ូតូ) នៅកន្លែងកើតហេតុហើយ សពបានប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតមប្រពៃណី, រងរបួសធ្ងន់ចំនួន១ (អ្នករួមដំណើរម៉ូតូ) យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែង ពិនិត្យកន្លែងកើតហេតុ យើងសន្ឋិដ្ឋានបានថា÷ អ្នកបើកបររថយន្តបើកបត់ត្រឡប់ក្រោយមិនគោរពសិទ្ធិយានផ្លូវត្រង់, អ្នកបើកបរម៉ូតូបើកលឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។ ករណីខាងលើនេះ បានប្រគល់រថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបររថយន្តឲ្យ ទៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីជាបន្ត៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត





