មុខសញ្ញាចោរឆក់សកម្ម អាយុទើប១៧ឆ្នាំ ចេញឆក់បាន១០លើក
ខេត្តកណ្តាល៖ មុខសញ្ញាឆក់កាបូបយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដែលហេតុការណ៍នេះកើតឡើងថ្ងៃទី៩ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០ និង៥០ នាទី នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះម៉ៅ សុម៉ាលី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមានឈ្មោះរុន មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងក្រសាំង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១-លុយរៀល១៨ម៉ឺនរៀលនិងលុយដុល្លារ ៤០០ដុល្លារ
២-កាបូបដៃ ពណ៌កាកអំពៅ០១
២-លោហធាតុពណ៌លឿង ផ្លាកទីនអង្កាំ១ខ្សែ ជារបស់ជារបស់ជនរងគ្រោះ
៣-ម៉ូតូម៉ាកសង់០១៩ឡើងតែម០២០មួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ 1L-6144 លេខតួនិងលេខម៉ាស៊ីន5305727 ។
៤-សក់សំរាប់ពាក់ពណ៌ទង់ដែង
៥-កាបូបស្ពាយចំហៀង ១និងកាបូបដៃ២(ពណ៌ខ្មៅ១និងកាកអំពៅ១) ជារបស់ជនសង្ស័យ។
នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកគ្លីកទៅរកឌុបចៅ នៅផ្សារថ្នល់ទទឹង ទៅដល់ចៅដេកលក់ក៏ត្រឡប់មកវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យតាមមកពីក្រោយ ឆក់យកកាបូបលុយ ដែលទុកក្នុងគ្លុបម៉ូតូ តែម្តងហើយជិះរត់គេចទៅទិសខាងកើតចំពេលកម្លាំងល្បាតប្រទះឃើញដេញតាមឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបានមកវិញ។
តាមចម្លើយសារភាព របស់ ជនសង្ស័យបានសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់បាន១០លើកមកហើយនៅម្តុំកន្លែងលក់ សាច់ក្រកខណ្ឌកំបូល៧លើក នៅផ្លូវជាតិលេខ៤១ចំនួន២លើក នៅអង្គស្នួល១លើកត្រូវសមត្ថកិចឃាត់បានតែម្តង។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការ តាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល



