កើនរហូត! ថៃរកឃើញករណីថ្មី ៥០នាក់ទៀត នាំឱ្យករណីសរុបកើនដល់ ២,៤៧៣ នាក់
ចំនួនអ្នកឆ្លង COVID-19 នៅប្រទេសថៃបានកើនឡើងដល់ ២,៤៧៣នាក់ ដោយមានករណីថ្មីចំនួន ៥០នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ក៏ដូចជាការស្លាប់ម្នាក់បន្ថែមទៀតផងដែរ។ ករណីទាំងនេះត្រូវបានបែងចែកជា ៣ក្រុម ដោយក្រុមទី១ គឺជាក្រុមមនុស្សសរុប ២៧នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងដទៃ ហើយភាគច្រើនគឺនៅបាងកក។ ក្រុមទី២ គឺក្រុមមនុស្ស ១៥នាក់ ដែលទើបតែមកពីបរទេស និងក្រុមទី៣ គឺមានចំនួន ៨នាក់ ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ។

ចំណែកអ្នកស្លាប់គឺជាអ្នកជំនួញស្ត្រីអាយុ ៤៣ឆ្នាំម្នាក់ ដែលមានពីជំងឺ systemic lupus erythematosus ឬ SLE ជាប់ខ្លួនស្រាប់ ហើយគាត់បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអាការគ្រុនក្តៅ និងពិបាកដកដង្ហើម។ យ៉ាងណាក៏ដោយសព្វថ្ងៃនេះមានមនុស្ស ១,០១៣នាក់ រួចមកហើយដែលពេទ្យថៃព្យាបាលជា និងត្រូវបានរំសាយចេញ ខណៈអ្នកស្លាប់សរុបកើនដល់ ៣៣ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Nationthailand