ខ្លោចចិត្ត! ជិះម៉ូតូរអិលដីខ្សាច់ដួលម៉ូតូ ហើយត្រូវរថយន្តមកកិនបន្ថែមទៀត ស្លាប់កណ្ដាលផ្លូវជាតិលេខ១
រាជធានីភ្នំពេញ ៖ រន្ធត់ណាស់! បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលធ្វើដំណើរបានពាក់ណ្ដាលផ្លូវ បន្ទាប់ពីរូបគាត់បានជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែរអិលដីខ្សាច់ដួលម៉ូតូដោយមិនដឹងខ្លួន បោកនឹងថ្នល់ពេញទំហឹង បណ្ដាលឲ្យចុកឆ្អល់ងើបមិនទាន់រួច គាប់ជួនមានរថយន្តមិនចាំម៉ាកបោះពួយមកលឿនទៀត ក៏ជ្រុកទៅកិនបែកទាំងមួកការពារសុវត្ថិភាព និងបែកទាំងក្បាលស្លាប់ភ្លាមមួយរំពេច ហើយរថយន្តបន្ថែមល្បឿនរត់បាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង២៣ និង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ២១-២២ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ សុខ សារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1BN-6856 ជាមធ្យោបាយធ្វើដំណើរ។ ចំណែកឯរថយន្តបង្កបានបន្ថែមរត់គេចបានស្រមោល ។
ប្រភពពីបងប្អូនអ្នកភូមិរស់នៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញយបុរសរងគ្រោះជិះម៉ូតូតែម្នាក់ឯង និងមានពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវផងដែរ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តកណ្ដាល លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរអិលដីខ្សាច់ដែលធ្លាក់រាយប៉ាយនៅលើថ្នល់ បណ្ដាលឱ្យដួលម៉ូតូបោកនឹងថ្នល់មួយទំហឹង បណ្ដាលឲ្យចុកឆ្អល់ងើបមិនរួច ស្រាប់តែមានរថយន្តធុនធំ(មិនចាំម៉ាកទេ) បើកមកបុកកិនជនរងគ្រោះពីលើ បែកទាំងមួកការពារ និងក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះរថយន្តបង្ក មិនបង្អន់យូឡើយ ក៏បានបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកសពជនរងគ្រោះដេកស្លាប់ស្ដូកស្ដឹងក្នុងថ្លុកឈាមក្បែរម៉ូតូ បង្កការភ្ញាក់ផ្អើល ដល់អ្នកដំណើរប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន រងចាំប្រគល់ជូនសាច់ញាតិវិញ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងធ្វើការសាកសួរស្រាវជ្រាវរកសាច់ញាតិឃើញហើយ និងបានប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត



