ព្រឹកនេះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២ករណីបន្ថែម ម្នាក់ជាស្ត្រីជនជាតិរៀតណាមស្នាក់នៅ Apartment សង្កាត់បឹងកេងកង១ និងម្នាក់ទៀតជាស្វាមីជនជាតិកាណាដា ធ្វើការនៅកាស៊ីណូមួយកន្លែង នៅរាជធានីភ្នំពេញ
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២២ករណី។ ចំពោះករណីវិជ្ជមានថ្មីទាំង២នេះ មានម្នាក់ជាស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល (Apartment) មួយនៅផ្លូវ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ និងបុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើ ជាអ្នកបម្រើការនៅកាស៊ីណូមួយកន្លែង នៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកទាំង២ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ៕

