ក្រុមហ៊ុនផេ្ទរប្រាក់ True Money ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអាជីវកម្ម បង់ថ្លៃសិក្សា ជាមួយស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប
ទ្រូម៉ាន់នីដែលជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ល្បីល្បាញមួយកំពុងតែពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួនទូទាំងព្រះរាជាណាចក្រកម្ពុជានោះ បានរៀបចំនូវកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីសហប្រតិបត្តិការអាជីវកម្ម លើសេវាកម្ម បង់ថ្លៃសិក្សាជាមួយស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប។
នៅក្នុងកម្មវិធីចុះហត្ថលេខា កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក គង់ មាន អគ្គនាយក ក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ បច្ចុប្បន្នក្រុមហ៊ុនយើងខ្ញុំមានភ្នាក់ងារប្រមាណជា ៥០០០ភ្នាក់ងារ និង អតិថិជនសរុបជាង១លាននាក់ នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងនៅតែបន្តពង្រីកភ្នាក់ងារឱ្យកាន់តែច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទ្រូម៉ាន់នី ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុនដែលជាដៃគូសហការរបស់ក្រុមហ៊ុនទ្រូម៉ាន់នីផងដែរ។

លោក គង់ មាន បានបន្តទៀតថា៖ ថ្ងៃនេះក្រុមហ៊ុនទ្រូម៉ាន់នី មានកិត្តិយសក្នុងការក្លាយជាដៃគូសហការជាមួយស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ដែលជាស្ថាប័នអប់រំដ៏ល្បីមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយលោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលសំខាន់ ការសហការរវាងក្រុមហ៊ុនទាំងពីរបានផ្ដល់ភាពងាយស្រួល ចំណេញពេលវេលា និង ជួយកាត់បន្ថយចំនាយយ៉ាងច្រើន ដល់មាតាបិតាសិស្ស ឬ អាណាព្យាបាលសិស្ស នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ទាំងអស់គឺអាចបង់ថ្លៃសិក្សា ដោយឥតគិតថ្លៃ សេវា តាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នី ទូទាំង២៥ខេត្ត/ក្រុង។

នៅក្នុងកម្មវិធី ចុះហត្ថលេខា នោះដែរ លោក ឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបបានមានប្រសាសន៍ថា អ៊ិន ធី ស៊ី គ្រុប បានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៩៦ មានចក្ខុវិស័យ ក្នុងការផ្តល់នូវការអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងមានការទទួលស្គាល់ជាសកល ដែលបច្ចុប្បន្នមានសាលាជាឧបសម្ព័ន្ធ ចំនួន ៦ រួមមាន សាលារៀនសុវណ្ណភូមិ សាលារៀនប្រ៊ីជតុន និងសាលាញូវតុនធីឡាយ ដែលជាសាលាស្តង់ដាថ្នាក់ជាតិ និងសាលាស្តង់ដាថ្នាក់អន្តរជាតិ មានសាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក និងសាលាអន្តរជាតិអ៊ិសវ៉េស ព្រមទាំងមជ្ឈមណ្ឌលបណ្តុះ បណ្តាល អ៊ិន ធី ស៊ី ដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន ជាភាសាអង់គ្លេស។
ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប កំពុងមានប្រតិបត្តិការនៅ ៣៤ ទីតាំង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួនដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់សោម ខេត្តកំពត ខេត្តតាកែវ មាន សិស្សានុសិស្សចំនួនប្រមាណ៤៥០០០នាក់។

លោក ឧកញ៉ា ជា ធីឡាយ បានសង្កត់ធ្ងន់ថា៖ សេវាកម្មបង់ប្រាក់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលទៅដល់អណាព្យាបាលសិស្សទាំងអស់ ក្នុងការទូទាត់បង់ថ្លៃសិក្សាដោយឥតគិតថ្លៃសេវា តាមរយៈភ្នាក់ងារទ្រូម៉ាន់នី ប្រមាណ៥០០០កន្លែង នៅទូទាំង២៥ខេត្ត-រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាការផ្តល់ជូនជម្រើសដ៍ពិសេសថ្មីមួយ ដល់អាណាព្យាបាលរបស់ស្ថាប័ន អប់រំ អ៊ិន ធី ស៊ី គ្រុប ដែលភាគច្រើនមានការមមាញឹកនឹងអាជីវកម្ម ហើយមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការមកបង់ប្រាក់ដោយផ្ទាល់ ព្រោះមានលំនៅដ្ឋាននៅឆ្ងាយពីការិយាល័យសាលា ឬមានធុរៈធ្វើដំណើរទៅឆ្ងាយមិនអាចធ្វើការបង់ប្រាក់បាន។

ជាមួយគ្នានេះផងដែរ ខ្ញុំជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សេវាបង់ថ្លៃសិក្សានេះនឹងផ្តល់អត្ថប្រយោជន៍ និងជាជម្រើសដ៏ត្រឹមត្រូវដល់អាណាព្យាបាលសិស្សទាំងអស់ ក្នុងការទូទាត់ បង់ថ្លៃសិក្សា ដោយឥតគិតថ្លៃសេវា ហើយថែមទាំងមាន ដំណើរការងាយស្រួល ចំណេញពេលវេលា ថវិកា និង សុវត្ថិភាព ដែលពួកគាត់អាចធ្វើប្រតិបត្តិការតាមរយៈភ្នាក់ងាររបស់ ទ្រូម៉ាន់នីទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ៕