ជនជាតិឥណ្ឌូនេស៊ី២នាក់ ដែលធ្វើដំណើរពីថៃមកឲ្យក្រុមគ្រូពេទ្យខ្មែរនៅខេត្តសៀមរាបជួយព្យាបាលកូវីដ១៩នោះ ឥលូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការចូលរួមអបអរសាទរដល់ បុរសជនជាតិឥណ្ឌូនេស៊ីទាំង២នាក់ ដែលឆ្លងCOVID-19 ពីប្រទេសថៃ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ ថែរក្សា ពិនិត្យព្យាបាលរហូតបានជាសះស្បើយ (លទ្ធផលអវិជ្ជមាន)។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា រកឃើញជនជាតិឥណ្ឌូនេស៉ី ២នាក់ដែលមានវិជ្ជមានកូវីដ ១៩ ដោយបុរសទាំង ២ នាក់នោះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានកូវីដ១៩ ដោយសារសាមីខ្លួនមិនមានថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់បានធ្វើដំណើរមកព្យាបាលនៅប្រទេសកម្ពុជា ហើយក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើការព្យាបាលរហូតបានជាសះស្បើយ៕

អត្ថបទ៖ សេម