ប្លន់រថយន្ត PRIUS នៅខណ្ឌ៧មករា ហើយបើកយកទៅប្លុងចោល នៅក្នុងបរិវេណទីក្រុងកោះពេជ្រ
រាជធានីភ្នំពេញ ៖ មានករណីជនជាតិចិន ប្លន់រថយន្ត PRIUS ពីជនជាតិចិនដូចគ្នា បានសម្រេច នៅក្នុងខណ្ឌ៧មករា ហើយព្យាយាមបើករត់គេចខ្លួន តែដល់ពេលដឹងថារថយន្តមានភ្ជាប់ GPS និងមានអ្នកដេញតាមទៀតនោះ ក៏សម្រេចចិត្តបើករថយន្តយកមកប្លុងចោល នៅក្នុងបរិវេណទីក្រុងកោះពេជ្រ ហើយរត់គេចខ្លួនបាត់ស្រមោល ទើបរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ចុះមកត្រួតពិនិត្យមើលតាមជំនាញផងដែរ។

ហេតុការណ៍ប្លន់រថយន្តនេះបានកើតឡើងនៅវេលាម៉ោង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ១១១ កែងផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា លុះពេលប្រទះឃើញរថយន្តដែលប្លុងចោលគឺនៅវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចចំណតរថយន្តមុខអាគារB ទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាក Toyota Prius ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AW-6277 ជាកម្មសិទ្ធរបស់ជនជាតិខ្មែរបានជួលឲ្យជនជាតិចិនបើកបរ នៅមុនពេលកើតហេតុ បុរសជនជាតចិនរងគ្រោះបានជួលរថយន្ត PRIUS ខាងលើពីម្ចាស់រថយន្តដែលជាជនជាតិខ្មែរ រួចយកមកជិះដូចធម្មតា លុះមកដល់ម៉ោងកើតហេតុជនរងគ្រោះបានបើករថយន្ត PRIUS មកឈប់ចតនៅចំណុចកើតហេតុខាងលើស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយអុចបារីជក់ មិនទាន់អស់កន្លះដើមផង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ មិនដឹងដើរមកពីណា ប្រដាប់ដោយកាំបិត (ចុងស្រួល) បានធ្វើសកម្មភាពភ្ជង់ចង្កេះជនរងគ្រោះ ហើយជនសង្ស័យគំរាមឲ្យចុះពីលើរថយន្ត រួចប្លន់យករថយន្ត PRIUS នោះចេញពីកន្លែងកើតហេតុ ដោយព្យាយាមបើករត់គេចខ្លួន តែដល់ពេលដឹងថារថយន្តមានភ្ជាប់ GPS និងមានអ្នកដេញតាមទៀតនោះ ក៏សម្រេចចិត្តបើករថយន្តយកមកប្លុងចោល នៅក្នុងបរិវេណទីក្រុងកោះពេជ្រ នៅចំណុចចំណតរថយន្តមុខអគារB ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយរត់គេចខ្លួនបាត់ស្រមោល ទើបជនរងគ្រោះប្រញាប់ប្រញាល់តាមមកដល់ឃើញតែរថយន្ត ក៏រាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌ៧មករា សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ចុះមកត្រួតពិនិត្យមើលតាមជំនាញផងដែរ។
ក្រោយពីមានករណីប្លន់រថយន្តខាងលើនេះកើតឡើង កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា និងកម្លាំងសមត្ថកិច្ចខណ្ឌចំការមន ធ្វើការស្រាវជ្រាវតាមប្រពន្ធ GPS រកឃើញរថយន្ត Prius ខាងលើនេះតែម្ដង តែសោកស្ដាយសមត្ថកិច្ចចាប់ជនសង្ស័យមិនបាន ។ ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ហើយស្ទួចយករថយន្តម៉ាកToyota Prius ខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត








