សិង្ហបុរីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៤៧ ករណីបន្ថែមទៀតធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនជិតដល់ ៤ពាន់ករណី
សិង្ហបុរី៖ អាជ្ញារសុខាភិបាលនៃប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកជំងឺកូវីដ ១៩ ចំនួន ៤៤៧ ករណីបន្ថែមទៀតត្រូវបានគេរកឃើញ កាលពីថ្ងៃទី១៥ ខែមេសា ម្សិលមិញនេះ។ យោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានជនរងគ្រោះចំនួន ៦៨ % គឺជាក្រុមមនុស្សដែលមានការប្រាស្រ័យទាក់ទងគ្នា ខណៈ ៣២% ផ្សេងទៀត គឺជាករណីកើតឡើងក្នុងចំណោមក្រុមមនុស្សផ្សេងគ្នា និងគ្មានការទាក់ទងជាមួយគ្នាឡើយ។

បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលសិង្ហបុរីដដែលនេះក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មាន ៤០៤ ករណីកើតឡើងចំពោះក្រុមកម្មករបរទេសដែលស្នាក់នៅអាគារជាមួយគ្នា ហើយ៥ ករណី កើតចំពោះកម្មកបរទេសដែលរស់នៅផ្ទះផ្សេងៗគ្នា និង ៣៨ ករណីផ្សេងទៀតគឺជាករណីចម្លងក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីនៅតាមសហគមន៍តែម្តង។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានអ្នកឆ្លងមេរោគកូវីដសរុបចំនួន ៣ ៦៩៩ ករណី ស្លាប់ ១០ ករណី និងមានអ្នកជាសះស្បើយចំនួន ៦៥២ ករណីផងដែរ៕
![]()
អត្ថបទ៖ ភក្តី
ប្រភព៖ Channelnewsasia