យុវជនប្រុសស្រី ដែលបង្ហោះហ្វេសប៊ុកលក់ថ្នាំញៀន ដូចលក់ផលិតផលនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន០៣នាក់
ខេត្តរតនគិរី៖ ជនសង្ស័យប្រុស-ស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីពួកគេទាំង៣នាក់នេះបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកលក់ថ្នាំញៀន (ម៉ាទឹកក) ដូចលក់ផលិតផលផ្សេងៗព្រមទាំងប្រើប្រាស់ថ្នាំញៀនទៀតផង។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ដោយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តផង។

ជនសង្ស័យប្រុស-ស្រីដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់ពាក់ព័ន្ធករណីបង្ហោះលក់គ្រឿងញៀន និងសេពគ្រឿងញៀនតាមបណ្តាញសង្គមហ្វេសប៊ុកនេះត្រូវបានលោក ហួត បូរី អធិការនគរបាលក្រុងបានលុង ឲ្យដឹងថា
១.ឈ្មោះ ជឿន ប៊ុនថាន (ហៅអូន) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ជាអ្នកយកAcoount Facebook អតីតប្រពន្ធបង្ហោះលក់ថ្នាំញៀន)។
២.ឈ្មោះ ឯម សុចាន់ត្រាបុត្រ (ហៅបារាំង) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេខេត្តរតនគិរី ។
៣.ឈ្មោះ សួង សុភ័ក្រ (ហៅភ័ស) ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ បន្ទាប់ពីធ្វើតេស្តទឹកនោម ឃើញមានសារធាតុញៀនក្នុងខ្លួនទាំង៣នាក់។ ចំណែកវត្ថុតាង មិនមានដកហូតបានទេ ប៉ុន្តែការបង្ហោះហ្វេសប៊ុកលក់ម៉ាទឹកក និងរូបភាពបង្ហោះជក់នោះ តុលាការអាចដាក់បន្ទុកបានហើយ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
អត្ថបទ៖ បងម៉េង ខ្មែរណូត



