សុទ្ធតែក្មេងៗ! សមត្ថកិច្ចក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធករណីកាប់ចាក់គ្នា
ក្រុងព្រះសីហនុ៖ អធិការនគរបាលក្រុងព្រះសីហនុ បង្ហាញមុខជនសង្ស័យ ៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើដាវកាប់បណ្តាលអោយរបួសធ្ងន់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤០នាទី នៅចំណុចមុខក្រុមហ៊ុនក្រឡុកបេតុង ក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន ០៧នាក់ បានធ្វើសកម្មភាពដោយជិះម៉ូតូចំនួន០៣គ្រឿង គឺម៉ូតូម៉ាកសង់ប៊ិចចំនួន០២គ្រឿង ម៉ាកនិចចំនួន០១គ្រឿង ប្រើដាវកាប់ទៅលើជនរងគ្រោះ ០៣នាក់ដែលកំពុងជិះម៉ូតូហ្សូមមើអ៉ិចបណ្តាលបណ្តាលអោយរងរបួសធ្ងន់ចំនួន០២នាក់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០៧នាក់មានឈ្មោះ៖
១- ឈ្មោះ ផល វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
២- ឈ្មោះ សុវណ្ណ វាចាជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៣- ឈ្មោះ ភូ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិរាម ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៤- ឈ្មោះ ជុំ ចាន់ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
ចំណែកបក្សពួកដែលនៅសេសសល់ចំនួន០៣នាក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ កន្លងមកក្មេងទំនើងទាំងអស់នេះតែងតែធ្វើសកម្មភាពបង្កការរុកឡុកក្នុងមូលដ្ឋាន។ ដោយមានការយកចិត្ត ទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពី ឯកឧត្តម សាយ សំអាល់ ប្រធានក្រមចុះជួយពង្រឹងខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចង្អុលដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ និងមានការសម្របសម្រួលដឹកនាំពីនីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកព្រៃនប់ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ និងបក្សពួក៣នាក់ទៀតជាសហចារីក្នុងការប្រព្រឹត្តបទល្មើស។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។



