អ្នកជំងឺ កូវីដ-១៩ ម្នាក់ផ្ញើរសារអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ អានហើយរំភើបចិត្ត
- April 20, 2020
យោងតាមការបង្ហោះឡើងរបស់ទំព័រ Facebook ផ្លូវការ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានអោយដឹងថា មានអ្នកជំងឺ កូវីដ-១៩ ម្នាក់បានផ្ញើរសារថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខបន្ទាប់ពីព្យាបាលរូបគាត់បានជាសះស្បើយ ដោយក្នុងសារមួយនោះបានរៀបរាប់ថា៖ ខាងក្រោមនេះជាពាក្យពេចន៍ថ្លែងអំណរដល់ក្រុមគ្រូពេទ្យជួរមុខយើង របស់អ្នកជំងឺ Covid-19 ជាជនជាតិខ្មែរ ដែលគាត់បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានជាសះស្បើយត្រលប់ទៅផ្ទះវិញ។

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះអស់ពីចិត្តចំពោះក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យខ្មែរ-សូវៀត ដែលបានព្យាបាលរូបខ្ញុំអោយបានជាសះស្បើយពីជំងឺឆ្លងកូវីដ ១៩។ ការឆ្លងកាត់រយៈកាលមួយខែជាងមកនេះជាមួយនឹងជំងឺឱកាសនិយម ដែលឈឺមិនដឹងឈឺ ជាមិនដឹងជា អារម្មណ៍ខ្ញុំពេញទៅដោយភាពអន្ទះសារ ភិតភ័យ ក្តីសង្ឃឹម និងការបាក់ទឹកចិត្តលាយឡំគ្នាច្របូកច្របល់។ ការព្យាបាល និងការគាំទ្រផ្នែកស្មារតីចំពោះអ្នកជំងឺប្រកបដោយភាពនឹងនរ និងទំនុកចិត្តពីសំណាក់ក្រុមគ្រូពេទ្យយើងពិតជាបានជួយអោយអ្នកជំងឺមានលំនឹងស្មារតី និងទុកចិត្ត ក្នុងការតតាំងជាមួយជំងឺដែលពោរពេញដោយភាពមិនប្រាកដប្រជា។

ការលះបង់ដ៏ធំធេង ក្នុងការប្រឈមហានិភ័យសុខភាពគឺជាគំរូវីរភាពដ៏ល្អថ្លៃថ្លារបស់ក្រុមគ្រូពេទ្យ នៅពេលដែលប្រទេសជាតិកំពុងជួបគ្រោះថ្នាក់នៃជំងឺឆ្លងដែលពិភពលោកមិនទាន់មានថ្នាំព្យាបាល។ ខ្ញុំបានជួបគ្រូពេទ្យត្រឹមតែតាមសម្លេងទូរស័ព្ទ ឬក៏ជួបក្នុងសម្លៀកបំពាក់បិទជិត។ សូម្បីតែពេលចេញពីពេទ្យ ខ្ញុំបានត្រឹមតែអរគុណ និងជម្រាបលាពីចំងាយចំពោះវីរៈបុរសវីរៈនារីបិទមុខយើងប៉ុណ្ណោះ ដោយទឹកចិត្តក្តុកក្តួលក្រៃលែង ដោយមិនបានសម្តែងការគួរសម និងស្និទ្ធស្នាលជាមួយអ្នកដែលបានជួយសង្គ្រោះអាយុជីវិតយើង។
ខ្ញុំមានតែលើកដៃទាំងពីរប្រណមអរគុណ និងបួងសួងពីចំងាយសូមគុណព្រះរតនត្រៃយ៍គុណកែវទាំងបី និងវត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សាក្រុមគ្រូពេទ្យជួរមុខរបស់យើងអោយមានសុវត្ថិភាព សុខភាពល្អបរិបូរណ៍ និងសូមប្រទានពរអោយពួកគាត់ឆាប់បានវិលត្រលប់ទៅជួបជុំគ្រួសារជាប្រក្រតីឡើងវិញ ព្រមទាំងទទួលបានជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងការកំចាត់ជំងឺដ៏កាចសាហាវនេះ។ ដោយក្តីគោរពស្រលាញ់ដោយស្មោះអស់ពីដួងចិត្ត »








- Share This Post:






