ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំពូលចោររហ័សនាម អាកណ្ដុរ ឆ្កឹះសោរខ្នោះរត់គេចខ្លួនបាន៩ខែ បែរជារត់មកជាប់ខ្នោះរបស់កម្លាំងនគរបាលខណ្ឌមានជ័យ ខណៈពេលជិះឌុបគ្នាដើររកលួចម៉ូតូអ្នកភូមិណាទុកប្រហែស

    BY Khmernote Media April 21, 2020
    កំពូលចោររហ័សនាម អាកណ្ដុរ ឆ្កឹះសោរខ្នោះរត់គេចខ្លួនបាន៩ខែ បែរជារត់មកជាប់ខ្នោះរបស់កម្លាំងនគរបាលខណ្ឌមានជ័យ ខណៈពេលជិះឌុបគ្នាដើររកលួចម៉ូតូអ្នកភូមិណាទុកប្រហែស

    រាជធានីភ្នំពេញ ៖ កំពូលចោរឆ្កឹះសោរដ៏ស្ទាត់ជំនាញ រហ័សនាម អាកណ្ដុរ ដែលឆ្កឹះសោរខ្នោះ លួចរត់ចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពី៩ខែមុននោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ឃាត់ខ្លួនបានហើយ ខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀត ចេញដើររកលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋណា ដែលទុកប្រហែស តែមកដល់ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១ បែរជាអស់លក្ខណ៍ ព្រោះត្រូវកម្លាំងល្បាតប្រទះឃើញក៏ឃាត់សួរនាំ សុំត្រួតពិនិត្យ រកឃើញឧបករណ៍កាច់សោរក.មួយឈុត ទើបចាប់ឃាត់ខ្លួនវាយខ្នោះ យកមកសាកសួរនាំ កាលពីវេលាម៉ោង០១:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារិ៍ ទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបេតុងអត់លេខ ក្រោយផ្សារសឡា ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    មុនឈានដល់ការឃាត់ខ្លួនជនត្រូវចោទ និងជនសង្ស័យខាងលើនេះ លោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់អោយក្រុមការងារខ្មែរណូតដឹងថា ដោយមានការដឹកនាំ និងចង្អុលបង្ហាញរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាអោយកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧ សហការមួយកម្លាំងអន្តរាគមន៍ពិសេស បង្កើនការយកចិត្តទុកដាក់ចេញល្បាតក្នុងមូលដ្ឋាន ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗ និងត្រៀមលក្ខណៈចេញអន្តរាគមន៍រាល់ពេលប្រជាពលរដ្ឋត្រូវការចុះជួយរឿងបន្ទាន់ៗផងដែរ។ ជាក់ស្ដែងខណៈពេលកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ ដែលដឹកនាំដោយរូបលោកផ្ទាល់ជាប្រធានក្រុមអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចេញល្បាតមកដល់ក្រោយផ្សារសឡា ដែលជាចំណុចឃាត់ខ្លួនខាងលើ ក៏ប្រទះឃើញពួកគេទាំងពីរ (ជនត្រូវចោទ និងជនសង្ស័យ) កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីចាស់ ឌុបគ្នាតាមផ្លូវ ដោយមានសភាពគួរឲ្យសង្ស័យ ទើបកម្លាំងល្បាតឃាត់សួរនាំ ស្រាប់តែជនសង្ស័យបានទម្លាក់វត្ថុតាងចោល តែត្រូវកម្លាំងឃាត់ និងសុំធ្វើការត្រួតពិនិត្យខ្លួនប្រាណ និងរើសវត្ថុតាងនោះមកពិនិត្យមើលរកឃើញ មានដែកចុងស្រួលចំនួន០១, សោរទីបលេខ៨ ចំនួន០១, និងដែកសរសៃចំនួន ០១ ដែលលាក់ក្នុងប្រអប់ពណ៍ខ្មៅ ទើបចាប់ដកហូត និងវាយខ្នោះនាំខ្លួនមកសាកសួរនាំនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង ។

    ជនត្រូវចោទដែលដោះសោរខ្នោះលួចរត់ចេញពីតុលាការនោះមាន ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអតីតមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពន់ មានស្រុកកំណើតនៅភូមិព្រែកភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅម្ដុំចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យទី២.ឈ្មោះ លី តុងហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៣៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    យោងតាមសម្តីរបស់លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន បានបញ្ជាក់ថា ជនត្រូវចោទ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ នៅពេលដែលរូបគេធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ។ ហើយកាលពីម៉ោង០៤:៥០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ អំឡុងពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ឡុង ជាប បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ពីបទលួច រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមច្បាប់។ ហើយនៅគ្រាដែលនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ចូលទៅបន្ទប់យកដីកាឃុំខ្លួននជនត្រូវចោទពីលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ បែរជាជនត្រូវចោទ បានលួចយកឈើចាក់ធ្មេញនិងជើងធុប មកលួចដោះខ្នោះដៃបានយ៉ាងងាយស្រួល និងរត់គេចខ្លួនចេញពីតុលាការបានយ៉ាងងាយស្រួលហើយគេចខ្លួនបាត់ស្រមោលតែម្ដង ។ ក្រោយពីដឹងថា មានជនជាប់ចោទ រហ័សនាម “អាកណ្ដុរ”បានលួចឆ្កឹះសោរខ្នោះរត់គេចខ្លួនចេញតុលាការ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ បានតាមចាប់ជនជាប់ចោទផងដែរ។ កាលនោះលោកអធិការនគរបាលខណ្ឌមានជ័យ វរសេនីយ៍ទោ ម៉េង វិមានតារា ក៏បានសម្ដែងការសោកស្តាយ ចំពោះការធ្វេសប្រហែសរបស់មន្រ្តីក្រោមឱវាទរបស់ខ្លួនផងដែរ ដោយបានបញ្ជាអោយកម្លាំងផ្នែកជំនាញ ធ្វើការស្រាវជ្រាវតាមចាប់ជនត្រូវចោទ ដែលលួចរត់គេចខ្លួនពីតុលាការនោះផងដែរ។

    នៅចំពោះមុខសមត្ថកិច្ច ជនជាប់ចោទរហ័សនាម អាកណ្ដុរ បានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាព យកឈើចាក់ធ្មេញមកចាក់ចូលសោរខ្នោះ ព្រោះរូបគេបានដឹងពីរបៀបឆ្កឹះសោរ និងសាកល្បងចាក់ឆ្កឹះបានសម្រេចជាច្រើនដងហើយ ខណៈពេលសមត្ថកិច្ចនាំរូបគេទៅក្នុងតុលាការរងចាំជាមួយមន្ត្រីអាវុធហត្ថមួយរូបទៀត ដែលនាំជនសង្ស័យម្នាក់ទៀត មករងចាំតុលាការកាត់ក្ដីដែរ បន្ទាប់ពីឆ្កឹះសោរខ្នោះបានសម្រេចហើយ រូបគេបានដើរចុះមកតាមកាំជណ្ដើរឡើងចុះបានយ៉ាងងាយស្រួល ដើរចេញតាមទ្វារខាងមុខដូចគេដូចឯង ដោយមិនមានអ្នកណាដឹងឡើយ លុះពេលចេញពីសាលាដំបូងរាជធានីភ្នំពេញភ្លាម រូបគេបានដើរឆ្លងផ្លូវចូលទៅក្នុងផ្សារទំនើបទល់មុខនោះ រួចគេចខ្លួនបាត់ស្រមោលតែម្ដង ។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលើ ត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំកសាងសុំណំរឿងបន្តតាមនីតិវិធីច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay