ចោរឆក់កាបូបស្ត្រី២នាក់ បានសម្រេច នៅជិតសាលារាជធានីភ្នំពេញ ហើយគេចខ្លួនដោយសុវត្ថិភាព
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់បានសម្រេចរត់គេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្បែរមុខសាលារាជធានីភ្នំពេញ តាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាន់រងគ្រោះទី១-មានឈ្មោះ ស្រីអូន ភេទស្រីអាយុ ៥២ឆ្នាំ (ជាអ្នកបើកម៉ូតូ) និងទី២-មានឈ្មោះ ខៀវ តុលា ភេទស្រី អាយុ ជាង៤០ឆ្នាំ (អ្នកអង្គុយនៅពីក្រោយនិងជាម្ចាស់កាបូប)។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-0258 ចេញពីម្តុំផ្សារទួលសង្កែគោលបំណងមកផ្សារអូឬស្សី ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបគាត់ ដែលជាអ្នកអង្គុយពីក្រោយ បានសម្រេច រួចជិះគេចខ្លួន ។
ភ្លាមៗនោះជាពលរដ្ឋបានឃើញហេតុការណ៍ និងបានសម្គាល់ភិនភាគជនសង្ស័យបានរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចខណ្ឌ៧មករាបានចេញល្បាតក៍ប្រទះឃើញជនសង្ស័យទាំងពីរដូចភិនភាគ ដែលប្រជាពលរដ្ឋបានរាយការណ៍ជូនថា មានករណីឆក់នៅខណ្ឌដូនពេញ រួចសមត្ថកិច្ចធ្វើការដេញ ទៅដល់ចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅតាមផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ជនសង្ស័យទាំងពីរនាក់បានចូលក្នុងផ្ទះសំណាក់បាត់។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បាននាំគ្នាសំរុកចូលទៅក្នុងផ្ទះសំណាក់ និងសុំសហការពីម្ចាស់ផ្ទះដើម្បីសុំបង្ហាញជនសង្ស័យទាំងពីរនាក់ រួចក៏បានហៅជនរងគ្រោះមកមើលជនសង្ស័យទាំងពីរតើពិតប្រាកដ ឬមួយមិនពិត ក្រោយពីជនរងគ្រោះបានពិនិត្យមើលរួចរាល់ហើយ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចវិញ ថាអ្នកទាំងពីរនាក់ គឺមិនមែនជនសង្ស័យឆក់កាបូបរូបគាត់នោះទេ។ ជនរងគ្រោះបានប្រាប់ទៀតថា នៅកាបូបរបស់គាត់មានលុយដុល្លារចំនួន ១០០ដុល្លារ លុយខ្មែរចំនួន ៦០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាក oppo មួយគ្រឿង។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះមកនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ដើម្បីងាយស្រួលសមត្ថកិច្ចធ្វើការកំណត់មុខសញ្ញា ស្រាវជ្រាវរកជនសង្ស័យទាំងពីរនាក់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត




