សម្តេចតេជោ ផ្តល់អនុសាសន៍ណែនាំថ្មីមួយនៅលើ Facebook ក្នុងស្ថានភាពដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩
កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំថ្មីមួយនៅលើបណ្តាញសង្គម Facebook ជាការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដើម្បីការពារខ្លួនអោយចៀសផុតពីជំងឺឆ្លង កូវីដ-១៩ ស្របពេលដែលកម្ពុជាយើងកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ ជាមួយនឹងមេរោគផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ។ សម្តេចបានមានប្រសាសន៍នៅលើទំព័រ Facebook ផ្លូវការរបស់សម្តេចថា៖

“យើងរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។
សូមយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។
បងប្អូនត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។
យេីងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕”
