គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម-កម្ពុជា ចេញសេចក្តីណែនាំមួយដល់ បងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ក្រោយពេលឃើញភាពធូរស្រាល ជំងឺកូវីដ១៩ នៅកម្ពុជា
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម-កម្ពុជា បានចេញសេចក្តីណែនាំចំនួន៥ចំនុច ជូនដល់បងប្អូនខ្មែរឥស្លាមទូទាំងប្រទេសកម្ពុជា ក្រោយពេលឃើញភាពធូរស្រាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា ដោយក្នុងនោះសេចក្តីណែនាំនោះ ធ្វើឡើងក្នុងគោលបំណងធំមួយគឺ កុំអោយបងប្អូនខ្មែរឥស្លាម ភ្លេចខ្លួន រឺធ្វេសប្រហែស មើលស្រាលជំងឺនេះឡើយ ដោយត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះបន្តទៀត រហូតទទួលបានការជោគជ័យទាំងស្រុងនាពេលខាងមុខ។

ក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាពីឧកញ៉ា សុះ កំរ៉ី បានធ្វើការណែនាំ៥ចំនុចដូចជា៖
១ ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន
២ ការសឡាតតារ៉វ៉េះ (ថ្វាយបង្គំពេលយប់ក្នុងខែម៉ារ៉ាឌន) សូមធ្វើជាលក្ខណៈគ្រួសារនៅតាមផ្ទះ
៣ ថ្ងៃបុណ្យរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនបាច់សូត្រឃុតពះក៏បាន
៤ ការដើរសួរសុខគ្នានៅថ្ងៃបុណ្យរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា
៥ ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេល រួមមាន៖ ការរក្សាអនាម័យ ការលាងដៃនឹងសាប៊ូ អាល់កុល ឬជេល ការពាក់ម៉ាស់ និងជៀសវាងការចាប់ដៃគ្នា។ ករណីមានការសង្ស័យ សូមប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធដើម្បីធ្វើតេស្តរកមេរោគ។ ទាំងនេះគឺជាក្បួននៃការប្រយុទ្ធប្រឆាំងនិងការរាតត្បាតជំងឺ ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕
