ថៃមានអ្នកឆ្លងកូវីដ១៩ ត្រឹមតែ ១៥ករណី ប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ
ប្រទេសថៃជួបថ្ងៃល្អបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ នៃការប្រយុទ្ធជាមួយវីរុស COVID-19 ដោយថ្ងៃនេះមានករណីតែ ១៥ ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈមានអ្នកជំងឺម្នាក់បានស្លាប់។ តួលេខឆ្លងចុងក្រោយនាំឱ្យថៃមានអ្នកឆ្លង COVID-19 សរុបកើនឡើងដល់ ២,៨២៦នាក់។ នេះបើតាមការរាយការណ៍របស់លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាល សម្រាប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

ករណីថ្មីទាំងនេះចែកចេញជា ២ក្រុម ដោយក្រុមទី១ មានអ្នកឆ្លង ១០នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងមុនៗ។ ក្រុមទី២ រួមមានមនុស្ស ៥នាក់ ដោយមានម្នាក់បានទៅតំបន់ដែលមានមនុស្សច្រើន, ៣នាក់ ធ្វើការនៅកន្លែងមនុស្សច្រើន និងម្នាក់ទៀតទើបត្រឡប់ពីបរទេស។ ថ្ងៃនេះក៏មានអ្នកជំងឺចំនួន ២៤៤នាក់បន្ថែម បានជា និងវិលត្រឡប់ទៅផ្ទះវិញដែរ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ២,៣៥២នាក់។ អ្នកស្លាប់ចុងក្រោយជាស្ត្រីដែលមានជំងឺប្រចាំកាយ នាំឱ្យករណីស្លាប់សរុបរបស់ថៃមាន ៤៩នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand