ជប៉ុនរកឃើញការផ្ទុះជាចង្កោមនៃវីរុសកូវីដ១៩ នៅក្នុងនាវាអ៉ីតាលីមួយដែលកំពុងចូលចតក្នុងប្រទេសខ្លួន
ក្រុមមន្រ្តីនៅក្នុងខេត្តណាហ្គាសាគី នៅភាគខាងលិចប្រទេសជប៉ុនបាននិយាយថា ពួកគេបានរកឃើញករណីឆ្លងវីរុស COVID-19 ចំនួន ៣៣ករណី នៅលើនាវាទេសចរណ៍អ៉ីតាលីមួយគ្រឿងដែលបានចូលចតនៅទីនោះ។ នាវានោះឈ្មោះថា Costa Atlantica ដែលពេលនេះកំពុងស្ថិតនៅឯកន្លែងផលិតនាវា Mitsubishi Heavy Industries ក្នុងកំពង់ផែណាហ្គាសាគីដើម្បីធ្វើការជួសជុល។ នៅលើនាវាគ្មានអ្នកទេសចរណ៍ទេ ប៉ុន្តែមាននាវិកទាំងអស់៦២៣នាក់។

បន្ទាប់ពីមនុស្សម្នាក់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃច័ន្ទ មន្ត្រីសុខាភិបាលបានធ្វើតេស្តមនុស្សចំនួន ៥៧នាក់ផ្សេងទៀត រាប់បញ្ចូលទាំងចុងភៅ ដែលប្រហែលជាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលឆ្លងវីរុសនេះ។ ក្រុមមន្រ្តីនិយាយថា គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំង ៣៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ ពួកមន្ត្រីនិយាយថា ចង្កោមថ្មីនៃករណីឆ្លងវីរុស COVID-19 បានកើតឡើងនៅលើនាវានេះ។ ពួកគេក៏កំពុងធ្វើការជាមួយរដ្ឋាភិបាលកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត តាមរយៈការបង្កើនការឆ្លើយតបខាងវេជ្ជសាស្ត្រ ការរៀបចំវិធីសាស្រ្តក្នុងការដឹកអ្នកជំងឺទៅព្យាបាល និងសម្លាប់មេរោគលើនាវា៕


អត្ថបទ៖ លីដា
ប្រភព៖ NHK