កូវីដ-១៩
សត្វឆ្មាចំនួន ២ក្បាល នៅក្នុងទីក្រុងញូវយ៉ក បានតេស្ដវិជ្ជមានជាមួយវីរុសកូវីដ-១៩
BY autoadmin
April 23, 2020
សត្វឆ្មាចំនួន ២ក្បាល នៅទីក្រុងញូវយ៉ក បានក្លាយជាសត្វចិញ្ចឹមដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ប៉ុន្តែវាមិនមានភស្តុតាងណាមួយ ដែលថាសត្វចិញ្ចឹមអាចចម្លងវីរុសទៅមនុស្សបាននោះទេ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

ឆ្មាទាំង២មកពីតំបន់ដាច់ដោយឡែកនៃរដ្ឋញូវយ៉ក ពេលនេះវាកំពុងមានជំងឺផ្លូវដង្ហើមស្រាល ហើយត្រូវបានគេរំពឹងថា នឹងជាសះស្បើយឡើងវិញ។ ពួកវាត្រូវបានគេជឿជាក់ថា បានឆ្លងវីរុសពីមនុស្សនៅក្នុងគ្រួសារ ឬសង្កាត់របស់ពួកគេ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក។ គួរឱ្យដឹងដែរនេះមិនមែនជាលើទីមួយដែលសត្វបានឆ្លងវីរុសនេះនោះទេ កាលពីដើមខែនេះក៏មានសត្វខ្លា និងតោ នៅសួនសត្វទីក្រុងញូវយ៉ក ត្រូវបានគេរកឃើញថាបានឆ្លងវីរុស COVID-19 នេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia