បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei ប្រកាសលទ្ធផលអាជីវកម្មក្នុងត្រីមាសទី១នៃឆ្នាំ២០២០

BY
Khmernote Media
April 23, 2020
[ទីក្រុងសិនជិន នៃប្រទេសចិន នៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០] ថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសលទ្ធផលអាជីវកម្មរបស់ខ្លួនសម្រាប់ត្រីមាសទី ១ នៃឆ្នាំ ២០២០ ។ នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ក្រុមហ៊ុន Huawei បង្កើតបានប្រាក់ចំណូលចំនួន ១៨២,២ពាន់លានយ័ន ដែលជាការកើនឡើងចំនួន ១.៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះសរុបមានចំនួន ៧.៣% ។ នៅអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងបន្តការរីករាលដាលនៅពាសពេញពិភពលោក Huawei កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពដល់និយោជិករបស់ខ្លួន។ ក្រុមហ៊ុននិងបណ្តាញអ្នកផ្គត់ផ្គង់របស់ខ្លួនកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយនូវបញ្ហាប្រឈមដ៏លំបាកដែលផលិតកម្មកំពុងតែជួបប្រទះ ក៏ដូចជាការចាប់ផ្តើមប្រតិបត្តិការឡើងវិញ។ អាជីវកម្មរបស់ក្រុមហ៊ុន Huawei កំពុងបន្តដំណើរការជាធម្មតាហើយលទ្ធផលអាជីវកម្មសរុបរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ក៏ស្របទៅនឹងការរំពឹងទុកផងដែរ។

បណ្តាញគឺជាខ្សែជីវិតសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងអំឡុងពេលដែលប្រឈមជាមួយវិបត្តិសុខភាពសាធារណៈនេះ ដូច្នេះការធានានូវប្រតិបត្តិការបណ្តាញធម្មតាពិតជាមានសារៈសំខាន់ណាស់នៅក្នុងរយៈកាលនេះ។ ក្រុមហ៊ុន Huawei កំពុងធ្វើអ្វីគ្រប់បែបយ៉ាងទៅតាមសមត្ថភាពរបស់ខ្លួនក្នុងការជួយដល់ប្រតិបត្តិករនានាដើម្បីធានានូវប្រតិបត្តិការបណ្តាញដែលមានស្ថេរភាពនិងសុវត្ថិភាព។ខណៈពេលដែលមនុស្សកំពុងផ្លាស់ប្តូរនូវទម្លាប់ថ្មីដូចជា ការធ្វើការពីគេហដ្ឋាន ការអប់រំពីចម្ងាយ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកជាដើមសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃ ដូចនេះ យើងកំពុងធ្វើការរួមគ្នាដើម្បីបំពេញរាល់តម្រូវការទាំងអស់ដែលបង្កើតឡើងដោយគម្លាតសង្គមរបស់ពួកគេ។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន Huawei និងដៃគូសហប្រតិបត្តិការរបស់ខ្លួនបានបង្កើតនូវកម្មវិធីវេជ្ជសាស្រ្តជាច្រើនដែលដំណើរការដោយប្រព័ន្ធ 5G និងបញ្ញាសិប្បនិម្មិត AI ។ យើងកំពុងប្រើប្រាស់នូវជំនាញរបស់យើងក្នុងបច្ចេកវិទ្យាទំនាក់ទំនងដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ក៏ដូចជាដើម្បីជួយសង្គ្រោះដល់ជីវិតមនុស្សឱ្យបានកាន់តែច្រើន។ ដំណោះស្រាយធ្វើរោគវិនិច្ឆ័យនៃជំងឺកូវីដ១៩ដែលដើរដោយ AI កាត់បន្ថយនូវរយៈពេលពិនិត្យ CT scan ពី ១២ នាទីមកត្រឹមតែ ២នាទីតែប៉ុណ្ណោះ ដែលជាជំនួយដល់គ្រូពេទ្យក្នុងការបង្កើនប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ។ ការពិគ្រោះយោបល់តាមវីដេអូពីចម្ងាយដែលដំណើរការដោយប្រព័ន្ធ 5G អាចជួយកាត់បន្ថយនូវការកង្វះខាតអ្នកជំនាញជួរមុខ ជួយបង្កើនប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលដល់អ្នកជម្ងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មួយវិញទៀត ឧបករណ៍វាស់ស្ទង់កម្តៅដោយប្រើបច្ចេកវិទ្យា AI អាចចាប់យកសីតុណ្ហភាពបានឆាប់រហ័ស ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការការពារនិងគ្រប់គ្រងការឆ្លងមេរោគនៅតាមទីសាធារណៈផងដែរ។ លើសពីនេះទៀតក្រុមហ៊ុន Huawei បានខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកនូវសម្ភារៈការពារដូចជា ម៉ាស ប្រដាប់ប្រដាធ្វើតេស្ត និងឧបករណ៍ការពារផ្សេងៗទៀតដើម្បីផ្តល់ជូនដល់ប្រទេសនិងអង្គការនានាដែលកំពុងតែមានតម្រូវការ។

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្រុមហ៊ុន Huawei បានសហការគ្នាជាមួយប្រទេសមួយចំនួនដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន សឹង្ហបុរី ប៊្រុយណេ បង់ក្លាដែស កម្ពុជា ឡាវ និងប្រទេសដទៃទៀតដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងការទំនាក់ទំនងនៅនឹងកន្លែងធានានូវការតភ្ជាប់និងគាំទ្រដល់សេវាកម្មចាំបាច់ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩នេះ។

នៅថ្ងៃទី ១៦ ខែមេសា នាយករដ្ឋមន្រ្តីថៃលោកប្រាយុធចានអូចាបានចុះទៅពិនិត្យនៅមន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក ដើម្បីសង្កេតនិងតាមដានការប្រើប្រាស់ដំណោះស្រាយAI-Assisted របស់ក្រុមហ៊ុន Huawei ដែលផ្តល់ជូនដោយក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមនៃប្រទេសថៃ និងក្រុមហ៊ុន Huawei ។ រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តដំណោះស្រាយនេះនៅតាមមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេសដើម្បីលើកកម្ពស់ការអនុវត្តសេវាវេជ្ជសាស្រ្តនិងការពារបុគ្គលិកពេទ្យឱ្យបានកាន់តែប្រសើរ។

បច្ចេកវិទ្យាAI-Assisted ដែលគាំទ្រដោយបណ្តាញ 5G បានជួយបង្កើនសមត្ថភាពនិងប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យដោយការវិភាគដោយស្វ័យប្រវត្តិនៃលទ្ធផលស្កេនចំនួន ២០,០០០ ធៀបនឹងគំរូទិន្នន័យដែលមានស្រាប់អាចត្រៀមរួចរាល់នឹងរកឃើញនិងកំណត់ស្ថានភាពជំងឺចំនួន ៤,០០០ ករណី។ លើសពីនេះទៅទៀត តំបន់ទូរគមនាគមន៍ពីចម្ងាយរបស់ខ្លួនបានជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដល់បុគ្គលិកពេទ្យនិងកាត់បន្ថយបន្ទុកលើប្រព័ន្ធដោយពង្រីកសមត្ថភាពគ្រប់គ្រងជំងឺទៅកាន់តំបន់ផ្សេងៗគ្នាក្នុងប្រទេស។

“នេះគឺជាក្ដីសង្ឃឹមដ៏មុះមត់របស់យើងដែលជំងឺរាតត្បាតនេះនឹងត្រូវបញ្ចប់ឆាប់ៗ។ យើងក៏សង្ឃឹមថាអ្នកជំងឺគ្រប់រូបនៅជុំវិញពិភពលោកត្រូវបានព្យាបាលនិងបានឆាប់ជាសះស្បើយដែលអាចធ្វើទៅបាន។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ គឺជាការរំលឹកមួយផ្សេងទៀតដែលយើងស្ថិតក្នុងពិភពលោកតែមួយនិងមានភ័ព្វវាសនាដូចគ្នា។ ដើម្បីដោះស្រាយបញ្ហាប្រឈមទូទៅ ដូចជាបញ្ហាមួយនេះយើងចាំបាច់បង្រួបបង្រួមគ្នា ដោយសារ វីរុសគ្មានដែនកំណត់ហើយអាចតម្រង់ទិសដៅទៅលើនរណាម្នាក់ដោយមិនគិតពីពូជសាសន៍ពណ៌សម្បុរឬវណ្ណះនោះឡើយ។”

គ្រាប់ពូជដែលអាចរួចផុតពីព្យុះនឹងរីកលូតលាស់ផ្លែផ្ការីកស្គុះស្គាយ។ ទោះបីជាវាមិនអាចទៅរួចដើម្បីដឹងថាជំនោរនៃជំងឺរីករាលដាលសកលនេះនឹងត្រូវបក់ត្រលប់ឬប្រែប្រួលទៅជាយ៉ាងណាក៏ដោយ ពួកយើងជាមួយក្រុមហ៊ុន Huawei នៅតែជឿជាក់ថាបញ្ហាប្រឈមនេះនឹងត្រូវបានយកឈ្នះដោយការឈរតតាំងជាមួយគ្នា។

Share This Post: