ពិតជាព្រឹត្តិការណ៍មិនធ្លាប់មានមែន កូនចៅ៥ជំនាន់រួមគ្នាបង្កើតកម្មវិធីពិសេសមួយដល់លោកយាយវ័យ១០០ឆ្នាំនាក្នុងឪកាសបុណ្យចូលឆ្នាំចិនខាងមុខ
ប្រទេសចិន ៖ នៅពេលមានបុណ្យទានផ្សេងៗមនុស្សគ្រប់គ្នាតែងតែប្រាថ្នាការជួបជុំជាមួយសមាជិកគ្រួសារខ្លួន តែវាជារឿងកម្រណាស់ដែលសមាជិកគ្រួសារជាច្រើនជំនាន់អាចមកជុំគ្នាគ្រប់គ្នានោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវចម្លែកមួយ ដែលលោកយាយវ័យ១០០ឆ្នាំម្នាក់ត្រូវបានកូនចៅរបស់ខ្លួនទាំង៥ជំនាន់មកជួបជុំគ្នាដើម្បីរៀបចំពិធីឆ្លងឆ្នាំអោយគាត់មុនពេលពិធីនេះឈានចូលមកដល់។ លោកយាយដែលមានអាយុដល់ ទៅ ១០០ ឆ្នាំនេះមានឈ្មោះ Tian Jinyu រស់នៅក្នុងទីក្រុង Xuan ខេត្ត Hubei គាត់មានកូនប្រុសស្រី៧នាក់។

សមាជិកគ្រួសាររបស់គាត់មានចំនួន១៦៧នាក់ ដែលសរុបរួមទាំងកូនៗនិងចៅរបស់គាត់ទាំងអស់ដែលត្រូវគេដឹងថាមានដល់ទៅ៥ជំនាន់ឯណោះ។ លោកយាយម្នាក់នេះធ្លាប់ជាអ្នកធ្វើចំការ និងមើលថែរក្សាសមាជិកគ្រួសារទាំងមូលអស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះកូនចៅរបស់គាត់សង្ឃឹមថាគាត់នឹងរីករាយជាមួយជីវិតវ័យចំណាស់របស់គាត់។ សមាជិកគ្រួសាររបស់លោកយាយ Tian ទាំងអស់សង្ឃឹមថាពួកគេនឹងអាចផ្តល់នូវពិធីឆ្លងឆ្នាំដល់ពិសេសបំផុតដល់លោកយាយ។ ពួកគេមិនត្រឹមតែរៀបចំពិធីអោយពិសេសប៉ុណ្ណោះនោះទេ គេថែមទាំងកុំម្ម៉ង់ទិញអាហារសម្រន់១០០មុខមកពី១០០ប្រទេសផ្សេងគ្នាសំរាប់ជូនគាត់ទៀតផង។ ចៅប្រុសម្នាក់របស់លោកយាយ Tian បាននិយាយថាលោកយាយគេមិនដែលបានបរិភោគអាហាអ្វីពិសេសនោះទេ បែបនេះទើបយើងទិញរបស់ទាំងអស់នេះជូនគាត់សង្ឃឹមថាគាត់ពេញចិត្ត៕
ប្រភព ៖ CHINA PLUS



