នាវាអ៉ីតាលីដែលចតនៅជប៉ុន ពេលនេះមានអ្នកឆ្លងវីរុសកូវីដ១៩កើនដល់ ៩១នាក់
យោងតាមសារព័ត៌មាន រ៉យទ័រ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នាវិកចំនួន ៩១នាក់ នៃនាវាទេសចរណ៍អ៉ីតាលី Costa Atlantica ដែលបានចូលចតនៅកំពង់ផែណាហ្គាសាគី ភាគនិរតីរបស់ប្រទេសជប៉ុនបានឆ្លងវីរុស COVID-19។ អាជ្ញាធរជប៉ុនកំពុងព្យាយាមធ្វើតេស្តនាវិកចំនួន ៦២០នាក់ ក្នុងចំណោមនាវិក ៦២៣នាក់ បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេត្រូវបានរកឃើញថាឆ្លងវីរុសកាលពីដើមសប្ដាហ៍។

អត្រាខ្ពស់នៃការឆ្លងបានធ្វើឱ្យមានការព្រួយបារម្ភអំពីភាពតានតឹង ដែលអាចកើតមានលើសេវាកម្មវេជ្ជសាស្ត្រ ប្រសិនបើស្ថានភាពរបស់អ្នកជំងឺកាន់តែអាក្រក់ទៅៗ។ មន្ដ្រីរដ្ឋាភិបាលជប៉ុនក៏បានបន្ថែមដែរថា អ្នកដែលតេស្ដអវិជ្ជមាត្រូវធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសខ្លួនវិញ។ នាវាបានស្ថិតនៅដាច់ដោយឡែកពីគេ ហើយអាជ្ញាធរណាហ្គាសាគីបានស្នើសុំឱ្យបុគ្គលិកនាវិកទាំងអស់នៅលើនាវា លើកលែងតែពួកគេតម្រូវឱ្យទៅមន្ទីរពេទ្យ។ បញ្ជាក់ដែរថា នាវានេះគ្មានអ្នកដំណើរទេសចរទេ មានតែនាវិកចំនួន ៦២៣នាក់ លើនាវា៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ