ចរាចរណ៍ចាប់ផ្តើមកកស្ទះឡើងវិញ សម្តេចតេជោ បង្ហោះសារទៅកាន់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នជានិច្ច បើគ្មានការចាំបាច់ទៅក្រៅផ្ទះ សូមកុំទៅ
ក្នុងរយៈពេលប្រមាណជាង១០ថ្ងៃនេះ កម្ពុជា មិនទាន់រកឃើញវិជ្ជមានថ្មីទៀតទេនៃជំងឺកូវីដ-១៩ ហើយប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរចេញក្រៅផ្ទះច្រើនជាងមុន ដែលធ្វើអោយចរាចរណ៍ចាប់ផ្តើមណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ ក្នុងនោះដែរដោយឃើញស្ថានការណ៍បែបនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏មានការព្រួយបារម្ភ ហើយបង្ហោះសារក្រើនរំលឹកដល់ប្រជាពលរដ្ឋថា៖

“សុខសប្បាយជាទេបងប្អូនជនរួមជាតិ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកល់ស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។ បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រេីន គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។ សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង៕”
