ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្តីប្រពន្ធចំណាស់ជាងគេមានសំណាងអាចជាសះស្បើយពីជំងឺកូវីដ ១៩ ស្របពេលគ្នានៅប្រទេសចិន

    BY autoadmin April 25, 2020
    ប្តីប្រពន្ធចំណាស់ជាងគេមានសំណាងអាចជាសះស្បើយពីជំងឺកូវីដ ១៩ ស្របពេលគ្នានៅប្រទេសចិន

    ចិន៖ អាចនិយាយបានថាវាគឺជារឿងចៃដន្យ និងកម្របំផុតមួយ ដែលអ្នកជំងឺកូវីដ ១៩ ចំណាស់ជាងគេជាប្តីប្រពន្ធនិងគ្នាមានសំណាងអាចជាសះស្បើយពីជំងឺកូវីដ ១៩​ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យស្របគ្នាផងដែរ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានឲ្យដឹងថា ជនរងគ្រោះមួយគូនេះមានបុរសជាប្តីឈ្មោះ Li Hongsheng អាយុ ៨៤ ឆ្នាំ ខណៈស្រ្តីជាប្រពន្ធមានឈ្មោះថា Fu Chunzhi អាយុ ៧៩ ឆ្នាំ ហើយពួកគាត់រស់នៅក្នុងក្រុងវូហាន ប្រទេសចិន។ ប្រភពខាងលើបន្តថា លោក Li Hongsheng ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ នៅថ្ងៃទី ៤ ខែមេសា កន្លងទៅនេះ ហើយ ៣ ថ្ងៃបន្ទាប់មកទៀត ពោលគឺនៅថ្ងៃទី ៧ លោកស្រី Fu Chunzhi ក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ផងដែរ ដោយគាត់បានឆ្លងមេរោគនេះពីប្តីរបស់គាត់តែម្តង។

    ក្រោយបង្ហាញតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ប្តីប្រពន្ធមួយគូនេះត្រូវបានគេយកទៅដាក់ព្យាបាលក្នុងលក្ខខណ្ឌពិសេសមួយដោយ ឲ្យពួកគាត់នៅក្បែរគ្នាអាចជួបគ្នានិងលើកទឹចិត្តគ្នាទៅវិញទៅមកបាន ហើយកន្លងមកគេមិនបានរំពឹងទេថា ពួកគាត់អាចជាសះស្បើយ ១០០% លឿនដូចនេះ ព្រោះជាទូទៅមនុស្សដែលមានអាយុខ្ទង់ ៨០ ឆ្នាំ​ងាយនឹងគ្រោះថ្នាក់ដល់ជីវិតដោយមេរោគកូវីដ​១៩ ណាស់។ យ៉ាងណាក្តី លទ្ធផលនៅពេលនេះបានបង្ហាញថាពួកគាត់បានជះសះស្បើយ ១០០% ហើយពួកគាត់ក៏បានកាន់ដៃគ្នាថតបង្ហាញពិភពលោកថា ពួកគាត់មានសុខភាពល្អជាធម្មតាវិញផងដែរ តែក្រោយពេលចេញពីមន្ទីរពេទ្យពួកគាត់ក៏ត្រូវបន្តឃុំខ្លួន ១៤ ថ្ងៃនៅក្នុងផ្ទះជាបន្តទៀតដែរ ដើម្បីឲ្យប្រាកដថាជំងឺកូវីដ ១៩ នឹងមិនលាប់ឡើងវិញនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Nextshark

    Share This Post: