សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា អំពាវនាវឲ្យអាណាព្យាបាលសិស្សដាក់ពាក្យស្នើសុំបញ្ចុះតម្លៃសិក្សារបស់កូនៗខ្លួននៅតាមសាលារៀន ជាជាងធ្វើការប្រមូលផ្តុំគ្នាតវ៉ា ដើម្បីជៀសវាងជំងឺរាតត្បាតកូវីដ១៩
ដោយសារតែស្ថានភាពនៃវីរុសកូវីដ១៩ បាននឹងកំពុងតែរាតត្បាតស្ទើរតែគ្រប់វិស័យក្នុងប្រទេសកម្ពុជាយើង ក្នុងនោះគ្រឹះស្ថានសិក្សាអប់រំទាំងអស់ទូទាំងប្រទេសកម្ពុជា ត្រូវបានផ្អាកសេវាអប់រំតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រហូតមក។ ក្នុងរយៈពេលផ្អាកការបណ្តុះបណ្តាលនេះ គ្រឹះស្ថានសិក្សាក៏ជួបប្រទះនូវការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ហើយយើងក៏ឃើញខាងអាណាព្យាបាលសិស្សក៏បានធ្វើការស្នើសុំបញ្ចុះតម្លៃសិស្សរបស់កូនៗពួកគាត់ផងដែរ ដោយសារតែការប្រកបរបររកស៊ីរបស់ពួកគាត់ក៏រងផលប៉ះពាល់ ព្រោះតែជំងឺរាតត្បាតនេះដូចគ្នា។

ដោយមើលឃើញបញ្ហានេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានអំពាវនាវដល់មាតា បិតា ឬអាណាព្យាបាលសិស្សទាំងអស់ ដែលជួបការលំបាក មេត្តាដាក់ពាក្យស្នើសុំបញ្ចុះតម្លៃសិក្សា ដោយជម្រាបពីហិរញ្ញវត្ថុរៀងៗខ្លួន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ជូនដល់ម្ចាស់ និងគណ:គ្របគ្រងគ្រឹស្ថានសិក្សាអប់រំឯកជននីមួយៗ ដើម្បីជួយដោះស្រាយ និងបន្ធូរបន្ថយជូនបងប្អូនឲអស់ពីលទ្ធភាព ដើម្បីជៀសវាងជម្ងឺរាតត្បាតកូវីដ១៩ ដោយការផ្តុំគ្នា៕

