ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៩នាក់ និងស្លាប់បន្ថែមម្នាក់នៅថ្ងៃនេះ
បើតាមកាចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកជំងឺ COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២,៩៣១នាក់ ដោយមានករណីថ្មីចំនួន ៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងការស្លាប់ថ្មីម្នាក់។ នេះបើតាមលោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃនេះ។

លោក Taweesin Visanuyothin បាននិយាយថា ថ្ងៃនេះជាថ្ងៃដំបូងដែលចំនួនករណីថ្មីនៅថៃ បានធ្លាក់ចុះក្រោមខ្ទង់ ១០ ដែលជាអត្រាទាបបំផុត។ រំលឹកដែលថា ករណីច្រើនបំផុតប្រចាំថ្ងៃដែលត្រូវបានកត់ត្រា គឺនៅថ្ងៃទី២២ ខែមីនា ជាមួយនឹងតួលេខឆ្លង ១៨៨ករណី។ ជាមួយនឹងការស្លាប់ថ្មីម្នាក់បន្ថែម នាំឱ្យថៃមានការស្លាប់ចំនួន ៥២នាក់ ខណៈដែលអ្នកជំងឺ ២,៦០៩នាក់ បានជានិងវិលត្រឡប់ទៅផ្ទះវិញ។ រហូតដល់ពេលនេះនៅសល់អ្នកជំងឺ ២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍