សង្គម

ឪពុកម្តាយទាំងអស់ មុនជិះម៉ូតូដឹកកូនៗ ចាំបាច់ត្រូវដឹងចំណុចសំខាន់មួយនេះ ដើម្បីកុំឲ្យសមត្ថកិច្ចផាកពិន័យ

BY
Khmernote Media
May 2, 2020

ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ អគ្គស្នងការនគរបាលជាតិ នឹងចាប់ផ្តើមធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះផ្តើមសំខាន់ទៅលើការមិនគោរពច្បាប់ចរាចរណ៍នានាដូចជា បើកបរមិនមានប័ណ្ណបើកបរ ឬ ប័ណ្ណបើកបរហួសសុពលភាព, ឈៀកហួសសុពលភាព, បើកបរហួសល្បឿនកំណត់, មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, មិនពាក់មួយសុវត្ថិភាព, មិនមានកញ្ចក់មើលក្រោយ, ដឹកលើសចំណុះ និងចំណុចជាច្រើនទៀត។ ក្នុងនោះមានការចោទសួរថា ចំពោះឪពុកម្តាយ ដែលមានកូនតូចៗ តើពួកអាចបើកបរម៉ូតូដឹកកូនៗរបស់ពួកគាត់បានដែរឬទេ?

ជុំវិញករណីនេះ យោងតាមការិយាល័យសុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានឲ្យដឹងថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៨ ថ្មី ចំណុច ៨ ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមកុមារបានម្នាក់។ អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣(បី) ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។

យោងតាមអនុក្រឹត្យលេខ០៣៩ អ ន ក្រ ប ក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៦ ថ្មី ចំណុច (ច) បើកបរដឹកអ្នកដំណើរលើសចំណុះល្មើសនឹងចំណុចទី៨ នៃមាត្រាទី៨ ថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក លើកលែងករណីដឹកអ្នកជម្ងឺ ។

អត្ថបទ៖ សេម

ប្រភព៖ ការិយាល័យសុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល

Share This Post: