ប្រទេសថៃរកឃើញករណីនៃវីរុសកូវីដ១៩ ថ្មីចំនួន ១៨នាក់បន្ថែម ហើយនេះមិនទាន់រាប់បញ្ចូលអ្នកសង្ស័យទាំង ៤០នាក់នោះទេ
យោងតាមការចុះផ្សាយរបស់ Nation Thailand បានឱ្យដឹងថា ករណីវីរុស COVID-19 របស់ប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយមានអ្នកឆ្លងថ្មីចំនួន ១៨នាក់។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាល (CCSA) បាននិយាយនៅថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា តួលេខចុងក្រោយនាំឱ្យករណីសរុបរបស់ថៃកើនដល់ ២,៩៨៧ ករណី នៅទូទាំងប្រទេស។ ករណីថ្មីទាំងអស់ត្រូវបានរាយការណ៍ពីមជ្ឈមណ្ឌលឃុំឃាំងជនភៀសខ្លួនសុងក្លា ក្នុងខេត្តសុងក្លា។

អ្នកឆ្លងថ្មីទាំងនេះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីខេត្ដសុងក្លា ហើយពេលនេះមន្ត្រីក៏កំពុងតាមរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺទាំងនេះផងដែរ។ នេះមិនរាប់បញ្ចូលករណីមិនច្បាស់លាស់ចំនួន ៤០នាក់ ដែលសំណាករបស់ពួកគេកំពុងបញ្ចូនបន្ដទៅទីក្រុងបាងកក ដើម្បីបញ្ជាក់ពីលទ្ធផលតេស្ដបន្ថែម និងចេញលទ្ធផលក្នុងពេល ២ ៣ថ្ងៃ ទៀតនោះទេ។ ការពិតទៅអ្នកទាំង ៤០នាក់ បានតេស្ដវិជ្ជមានរួចមកហើយ ប៉ុន្តែអាជ្ញាធរបារម្ភខ្លាចលទ្ធផលមិនត្រឹមត្រូវ ដោយសារការធ្វើតេស្ដគឺធ្វើនៅខេត្ត។ ចំណែកការស្លាប់នៃអ្នកឆ្លងវីរុស COVID-19 នៅថៃគឺមានសរុប ៥៤នាក់ ដដែល៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand